រុស្ស៊ី៖ ក្រុមហ៊ុន Airbnb បាននិយាយថា ខ្លួននឹងផ្អាកប្រតិបត្តិការទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស្ស ជាផ្លូវការបន្ទាប់ពីមាន ការឈ្លានពានពីប្រទេស ជិតខាងអ៊ុយក្រែន កាលពីសប្តាហ៍មុន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារ AirDNA បាននិយាយថា បច្ចុប្បន្នរុស្ស៊ីមានការជួល រយៈពេលខ្លីសកម្មចំនួន ៩0,000 សម្រាប់ក្រុមហ៊ុន Airbnb ។ លោក Brian Chesky ជានាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន បាននិយាយកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុននឹងផ្តល់ជម្រក ដល់ប្រជាជនអ៊ុយក្រែន ១00,000 ត្រូវបានបង្ខំឲ្យភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នា ដោយបន្ថែមថា ខ្លួននឹងលើកលែងថ្លៃសេវាទាំងអស់ លើការកក់នៅក្នុងប្រទេស។
លោក Chesky បានបន្តថា អ្វីៗទាំងអស់គឺនៅលើតុ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពាន របស់រុស្ស៊ី ចំពោះអ៊ុយក្រែន។ ដោយឡែកពីគ្នា អ្នកប្រើប្រាស់ Airbnb បានចាប់ផ្តើមកក់បន្ទប់ជួល ក្នុងប្រទេសអ៊ុយក្រែន ជាកាយវិការនៃការគាំទ្រ ផ្នែកហិរញ្ញវត្ថុសម្រាប់ពលរដ្ឋ ដែលមានជម្លោះរបស់ប្រទេសនេះ ទោះបីជាមិនមានបំណង ធ្វើដំណើរទៅទីនោះក៏ដោយ។
Kate Hutchinson ជនជាតិអូស្ត្រាលីបានសរសេរនៅលើ Twitter ថា ដោយមានអារម្មណ៍អស់សង្ឃឹម ខ្ញុំបានកក់ @Airbnb ក្នុងទីក្រុង Kiev សម្រាប់ការស្នាក់នៅក្នុងសប្តាហ៍នេះ ដោយដឹងថាលុយ នឹងទៅដល់នរណាម្នាក់នៅទីនោះ៕ ដោយ៖លី ភីលីព