ព័ត៌មានអន្តរជាតិ

Update៖ លទ្ធផលពីកិច្ចចចារគ្នា នៅជុំទី៣ រវាងអ៊ុយក្រែន និងរុស្ស៊ី នៅតែមិនមានអ្វីជាដុំកំភួនដដែល

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ថា អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យក្នុងការសម្រេច បានលទ្ធផលសំខាន់ៗ ក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពជុំទី៣ របស់ពួកគេនៅក្នុងប្រទេសប៊ែលឡារុស្ស កាលពីថ្ងៃចន្ទ ។

ជំនួយការប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ មេឌីនស្គី(Vladimir Medinsky) ដែលជាប្រធានគណៈប្រតិភូរុស្ស៊ី បានថ្លែងក្រោយកិច្ចពិភាក្សាថា “ការពិភាក្សាបានបន្តលើទិដ្ឋភាពនយោបាយ និងយោធា។ ទោះជាយ៉ាងណាក៏ដោយ វានៅតែពិបាក ។ វាលឿនពេកក្នុងការនិយាយ អំពីអ្វីដែលវិជ្ជមាន” ។

លោកបានប្រាប់អ្នកយកព័ត៌មានថា អ្នកចរចារុស្ស៊ី បាននាំយកឯកសារមួយចំនួនធំ រួមទាំងកិច្ចព្រមព្រៀងជាក់លាក់ ប៉ុន្តែភាគីខាងអ៊ុយក្រែន មិនអាចចុះហត្ថលេខា បាននៅនឹងកន្លែង ហើយយកឯកសារទាំងអស់នេះ ត្រឡប់ទៅផ្ទះវិញដើម្បីធ្វើការសិក្សា។

លោក Medinsky បានថ្លែងដូច្នេះបន្ទាប់ពីកិច្ចប្រជុំ ដែលមានរយៈពេលជិត៣ម៉ោងនៅឯ Belovezhskaya Pushcha ថា “និយាយឱ្យត្រង់ទៅ ការរំពឹងទុករបស់យើងពីកិច្ចពិភាក្សា មិនត្រូវបានសម្រេចទេ ។ ប៉ុន្តែយើងសង្ឃឹមថា នៅពេលក្រោយ យើងនឹងអាចបោះជំហាន ទៅមុខយ៉ាងសំខាន់” នៅព្រំដែនប៊ែលឡារុស្ស-ប៉ូឡូញ ។

លោកបានថ្លែងថា ភាគីទាំង២បានដោះស្រាយបញ្ហា នៃការជម្លៀសជនស៊ីវិល ហើយភាគីអ៊ុយក្រែន បានធានាដល់ប្រទេសរុស្ស៊ី ថា ច្រករបៀងមនុស្សធម៌ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃអង្គារនេះ ។

លោក Mykhailo Podoliak ទីប្រឹក្សាប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីការចរចារគ្នាថា “មានការវិវឌ្ឍជាវិជ្ជមានមួយចំនួន នៅគ្រាដែលបានជជែកគ្នា អំពីការធ្វើឱ្យប្រសើរឡើង នូវភស្តុភារនៃច្រករបៀងមនុស្សធម៌” ។

លោក Podoliak បានលើកឡើង នៅក្នុងសារវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា “ថ្ងៃនេះមិនមានលទ្ធផលណា ដែលធ្វើឲ្យស្ថានភាពប្រសើរឡើង គួរឱ្យកត់សម្គាល់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបញ្ជាក់ម្តងទៀតថា ការពិគ្រោះយោបល់នឹងបន្ត” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top