ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ កំពុងបើកការស៊ើបអង្កេត ករណីឆ្លាក់យន្ដហោះ Boeing 737 នៅភាគខាងត្បូងប្រទេសចិន

ប៉េកាំង ៖ ក្រុមហ៊ុន Boeing China បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន China Eastern Airlines ហើយនឹងផ្តល់ការគាំទ្រ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ Boeing 737 បានធ្លាក់កាលពីរសៀលថ្ងៃចន្ទ នៅភាគខាងត្បូងប្រទេសចិន ជាមួយនឹងមនុស្សនៅលើនោះ ១៣២នាក់។

ក្រុមហ៊ុន Boeing China បានឲ្យដឹងថា ក្រុមហ៊ុនកំពុងរក្សាទំនាក់ទំនងជាមួយក្រុមប្រឹក្សា សុវត្ថិភាពដឹកជញ្ជូនជាតិ នៅសហរដ្ឋអាមេរិក ដោយបន្ថែមថា អ្នកជំនាញបច្ចេកទេស របស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់រដ្ឋបាល អាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន ក្នុងការធ្វើការស៊ើបអង្កេត។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ផ្ទុកមនុស្ស ១៣២នាក់ បានធ្លាក់នៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃច័ន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលបានចាកចេញពីទីក្រុង Kunming និងឆ្ពោះទៅទីក្រុង Guangzhou បានធ្លាក់ចូលទៅក្នុងតំបន់ភ្នំក្បែរភូមិ Molang នៃទីក្រុង Wuzhou នៅម៉ោង ២ និង ៣៨នាទីរសៀល៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top