ព័ត៌មានអន្តរជាតិ

អ្នកបើករថយន្តដឹកទំនិញ នៅអាល្លឺម៉ង់ រាប់រយគ្រឿង ផ្ទុះការតវ៉ា ដោយសារតែ តម្លៃប្រេងឥន្ធនៈឡើងថ្លៃ

បរទេស៖ ក្បួនរថយន្តដឹកទំនិញ បានបិទចរាចរណ៍នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍ ដែលជាផ្នែកមួយនៃការតវ៉ា ប្រឆាំងនឹងតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់។ ប៉ូលីសបានរាយការណ៍ថា មានរថយន្តប្រហែល ២៥០គ្រឿង បានចូលរួមនៅក្នុងបាតុកម្ម ខណៈពេលដែលក្រុមហ៊ុនដឹកជញ្ជូន បានជំទាស់នឹងតួលេខនេះ ដោយអះអាងថា មានរថយន្តរហូតដល់ទៅ ៣៥០ គ្រឿងបានចូលរួម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការតវ៉ានេះបានធ្វើឱ្យមាន ការពន្យារពេលចរាចរណ៍ សម្រាប់ចុងសប្តាហ៍ទីពីរជាប់ៗគ្នា ដោយមានការតវ៉ាធ្វើឡើង កាលពីចុងសប្តាហ៍មុន ដោយឃើញអ្នកចូលរួមចំនួន ៥០០នាក់ ធ្វើដំណើរឆ្លងកាត់ទីក្រុង ដើម្បីបង្កើតភាពចលាចល នៅតាមដងផ្លូវ។

សមាគមនេសាទអាល្លឺម៉ង់ ក៏បានអះអាង នៅថ្ងៃអង្គារថា តម្លៃប្រេងម៉ាស៊ូត សម្រាប់ដែនសមុទ្រ បានកើនឡើងទ្វេដង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ តម្លៃប្រេងឥន្ធនៈកាន់តែខ្ពស់ បានប៉ះពាល់ដល់ អ្នកបើកបរឡានដឹកទំនិញ នៅទីក្រុង Hamburg ដែលបណ្តាលឱ្យមានបញ្ហាប្រតិបត្តិការ សម្រាប់អ្នកបើកបរ និងក្រុមហ៊ុនដែលពឹងផ្អែកលើយានយន្ត ក្នុងការដឹកជញ្ជូនផលិតផល ទូទាំងប្រទេសអាល្លឺម៉ង់ និងប្រទេសដទៃទៀត។

តម្លៃប្រេងឥន្ធនៈបានកើនឡើងក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសលោកខាងលិចផ្សេងទៀត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីការវាយប្រហារដោយយោធា របស់រុស្ស៊ីលើអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មទៅលើទីក្រុងមូស្គូ បានជះឥទ្ធិពលដល់លំហូរ នៃប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ដោយបានបញ្ជូនការចំណាយ នៅលោកខាងលិចកើនឡើង និងបង្ខំឱ្យប្រទេសនានា ស្វែងរកផ្លូវផ្គត់ផ្គង់ជំនួស ដើម្បីបំពេញការពឹងផ្អែករបស់ពួកគេ លើឥន្ធនៈបរទេស៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top