YouTube បានបញ្ចេញវីដេអូ Rewind ប្រចាំឆ្នាំ ២០១៩ ដែលវីដេអូនេះគឺរំឭកអំពីរឿងរ៉ាវល្បីៗកើតមានលើ YouTube ក្នុងឆ្នាំនេះ ហើយអ្វីដែល YouTube ចង់បានគឺចង់ឲ្យវីដេអូនេះទទួលបានលទ្ធផលល្អជាងវីដេអូឆ្នាំមុន។
វីដេអូ Rewind ឆ្នាំមុន បានក្លាយជាវីដេអូមានអ្នកមិនចូលចិត្ត (Dislike) ច្រើនជាងគេបំផុតលើ YouTube ដោយសារបាត់វត្តមាន YouTuber ល្បីៗជាច្រើនដូចជា PewDiePie ជាដើម។ សម្រាប់ឆ្នាំ ២០១៩ នេះ PewDiePie បានមានមុខវិញនៅក្នុងវីដេអូ Rewind។ ប៉ុន្តែវីដេអូ Rewind ថ្មីនេះ សង្កេតឃើញថាមានចំនួន Dislike ច្រើនជាងចំនួន Like ដូចវីដេអូមុនដដែល គិតត្រឹម ៧ ម៉ោងក្រោយចេញផ្សាយ។
វីដេអូ Rewind ឆ្នាំនេះគឺធ្វើឡើងដោយវីដេអូដែលបានបង្ហោះលើ YouTube ទាំងស្រុង ដែលត្រូវបានជ្រើសរើសផ្អែកលើទិន្នន័យអំពីអ្នកបង្កើតវីដេអូដែលមានគេទស្សនាច្រើនជាងគេ, វីដេអូមានគេទស្សនាច្រើនជាងគេ, វីដេអូពេញនិយមជាងគេ និងសមិទ្ធផលជាច្រើនទៀតលើ YouTube។ វាខុសគ្នាទាំងស្រុងពីវីដេអូឆ្នាំមុនៗ ដែលវីដេអូ Rewind មានអ្នកបង្កើតវីដេអូមកជួបជុំគ្នា ហើយធ្វើត្រាប់តាមរឿងរ៉ាវដែលបានផ្ទុះលើ YouTube ក្នុងឆ្នាំនីមួយៗ។
គិតត្រឹមពេលនេះ (៧ម៉ោងក្រោយចេញផ្សាយ) “YouTube Rewind 2019: For the Record” មានចំនួន Like ចំនួន ៧០ ម៉ឺន និង Dislike ចំនួន ១,២ លានដង។ ចំណែកវីដេអូ “YouTube Rewind 2018” មាន Like ចំនួន ២,៦ លានដង និង Dislike ចំនួន ១៧ លានដង៕ប្រភព៖Sabay