ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន សាទរចំពោះទស្សនកិច្ច ប្រធានគណៈកម្មការអឺរ៉ុប ទៅកាន់អ៊ុយក្រែន

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសាទរ ចំពោះដំណើរទស្សនកិច្ច របស់ប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell ទៅកាន់ទីក្រុងគៀវ ជាសញ្ញា នៃការគាំទ្រ សម្រាប់អ៊ុយក្រែន។

លោក Zelensky បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាជាមួយលោកស្រី von der Leyen និងលោក Borrell ក្នុងទីក្រុងគៀវ កាលពីថ្ងៃសុក្រថា “នេះគឺជាសញ្ញាដ៏ខ្លាំងមួយ ដែលអ៊ុយក្រែន និង សហភាពអឺរ៉ុបនៅជាមួយគ្នា” ។

លោក Zelensky បានថ្លែងអំណរគុណដល់មន្ត្រីអឺរ៉ុប ដែលបានមកអ៊ុយក្រែនក្នុងគ្រាលំបាក និងសម្រាប់ដំណើរ ទស្សនកិច្ចនៅទីក្រុង Bucha នៅខាងក្រៅទីក្រុងគៀវ ជាកន្លែងដែលជនស៊ីវិលរាប់រយនាក់ ដែលត្រូវបានសម្លាប់ ត្រូវបានរកឃើញបន្ទាប់ពីកង កម្លាំងរុស្ស៊ីបានដកខ្លួនចេញ។

លោកស្រី Von der Leyen បានលើកឡើងថា អ៊ុយក្រែន ត្រូវបានស្វាគមន៍ចូលទៅក្នុងគ្រួសារអឺរ៉ុប ហើយបានប្រគល់កម្រង សំណួរទៅលោក Zelensky ដែលការបញ្ចប់នេះ គឺជាជំហានចាំបាច់សម្រាប់ ការផ្តល់ឋានៈជាបេក្ខជនសហភាពអឺរ៉ុប។

លោកស្រី von der Leyen បានបន្ដថា “យើងនៅជាមួយអ្នកនៅក្នុងក្តីសុបិន្ត របស់អ្នកនៃទ្វីបអឺរ៉ុប ។ ខ្ញុំចង់និយាយយ៉ាងច្បាស់ថា អ៊ុយក្រែនមាន កន្លែងនៅក្នុងគ្រួសារអឺរ៉ុប” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយឡែកលោក Borrell បានលើកឡើងថា អឺរ៉ិបនឹងគាំទ្រអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន ក្នុងការផ្តល់ការ បណ្តុះបណ្តាល និងឧបករណ៍ ដើម្បីគាំទ្រដល់ការស៊ើបអង្កេត លើការសម្លាប់រង្គាលនៅទីក្រុង Bucha ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top