ភ្នំពេញ៖ ក្រុមកីឡាករ Kick Boxingកម្ពុជាចំនួន៣នាក់ បានឈានចូលវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ គឺការកក់មេដាយសំរិទ្ធ៣គ្រឿងក្នុងដៃ នៃរឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន នាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានមានប្រសាសន៍ ពីហ្វីលីពីនថា កីឡាករ ខេម ចាន់ ឈ្នះកីឡាករឡាវ ដោយពិន្ទុក្នុងប្រភេទ ទម្ងន់៥៤ គីឡូក្រាម កីឡាករ ចក់ ស៊ីវិន ឈ្នះកីឡាករវៀតណាម ដោយពិន្ទុក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម និងកីឡាករ ឡៅ ចន្ត្រា ឈ្នះកីឡាករវៀតណាម ដោយពិន្ទុក្នុង ប្រភេទទម្ងន់៦៩គីឡូក្រាម ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
លោកប្រធានបន្តថា កីឡាករ ហ៊ីម សេរីចាញ់ម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុក្នុងប្រភេទ ទម្ងន់៥១គីឡូក្រាម និងកីឡាករ ផល សុភ័ក្រ ចាញ់វៀតណាម ដោយពិន្ទុក្នុងប្រភេទ ទម្ងន់៦៣,៥០គីឡូក្រាម។
សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើការប្រកួតថ្ងៃទី៨ ខែធ្នូ ២០១៩ដោយកីឡាករ ខេម ចាន់ជួបកីឡាករម្ចាស់ផ្ទះហ្វីលីពីន កីឡាករ ចក់ ស៊ីវិនប៉ះកីឡាករឡាវ និងកីឡាករ ឡៅ ចន្ត្រាប្រកួតជាមួយកីឡាករថៃ៕