ព្រឹត្តិការណ៍

តម្លៃ Apartment ប្រណីតក្នុងទីក្រុងហូជីមិញ កើនឡើង៤០ភាគរយ ក្នុងរយៈពេល ៣ឆ្នាំ

បរទេស៖ តម្លៃផ្ទះប្រណីត ឬ apartment នៅក្នុងត្រីមាសទី៤ នៅទីក្រុងហូជីមិញ បានកើនឡើង ៤០ភាគរយពីឆ្នាំ២០១៧មក ដោយសារការផ្គត់ផ្គង់មានកំណត់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Vo Huynh Tuan Kiet ប្រធានផ្នែកទីផ្សារនៃគម្រោងផ្នែក លំនៅដ្ឋានរបស់ក្រុមហ៊ុន គ្រប់គ្រងអចលនទ្រព្យ CBRE ក៏បាននិយាយនៅក្នុងវេទិកា នាពេលថ្មីៗនេះថា មូលហេតុនៃការកើនឡើងតម្លៃនេះ គឺការធ្លាក់ចុះការផ្គត់ផ្គង់ដីធ្លី នៅក្នុងតំបន់អាជីវកម្ម កណ្តាលដែលនាំឱ្យមានការចំណាយ វិនិយោគខ្ពស់ នៅក្នុងគម្រោងប្រណីត។

ការផ្គត់ផ្គង់ផ្ទះល្វែង ប្រណីតមានកំណត់រួមជាមួយ នឹងការកើនឡើងថ្លៃដើមសម្ភារៈ បានជំរុញឱ្យតម្លៃនៃផ្នែកនេះ កើនឡើង ១០-១៣ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ លោកបានបន្តថា អត្រាកំណើននេះគឺទ្វេដង បើធៀបនឹងផ្នែក កណ្តាល និងទាប។

ជាមួយគ្នានោះដែរ លោក Le Hoang Chau ប្រធានសមាគមអចលនទ្រព្យ ទីក្រុងហូជីមិញបាននិយាយថា តម្លៃបានឡើងដល់ ៣០០ លានដុង (១២.៩៧០ ដុល្លារ) ក្នុងមួយម៉ែត្រការ៉េសម្រាប់ គម្រោងមួយចំនួននៅសង្កាត់ ១ ។

លោក Chau បានបន្ថែមទៀតថា មូលហេតុនៃការឡើងថ្លៃគឺថា អាជ្ញាធរក្រុងហូជីមិញ បានកំណត់គម្រោងថ្មីនៅក្នុងសង្កាត់លេខ ១ និង ៣ ចាប់តាំងពីឆ្នាំមុន ដែលនាំឱ្យមាន ការផ្គត់ផ្គង់ទាបនៅក្នុងតំបន់៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top