ខ្សែបម្រើប្រយុទ្ធវ័យក្មេង Samuel Chukwueze បានបង្ហាញមហិច្ឆតាចង់ជួយ Villarreal ទម្លាក់ Liverpool ដើម្បីបានកៅអីទៅលេងវគ្គផ្ដាច់ព្រ័ត្រ Champions League។
ជាមួយនឹងជំនាញជើងឆ្វេងដ៏ល្អ កីឡាករសញ្ជាតិនីហ្សេរីយ៉ា Samuel គឺជាកីឡាករអាហ្រ្វិក មានទេពកោសល្យចុងក្រោយដែលមាន ការចាប់អារម្មណ៍ខ្លាំងនៅ UCL។ កាលពីដើមខែនេះ កីឡាករវ័យ២២ឆ្នាំ រកបានគ្រាប់បាល់ចុងក្រោយជួយ Villarreal ទម្លាក់ Bayern Munich សរុបទាំងពីរជើង ២-១ បានឈានមកកាន់វគ្គ៤ក្រុមចុងក្រោយក្នុងរយៈពេល១៦ឆ្នាំ។
រាត្រីនេះ គេត្រូវបានភារកិច្ចបន្តទៀត លេងឲ្យ Villarreal ប៉ះក្រុមជើងឯក៦សម័យ Liverpool ក្នុងកីឡដ្ឋាន Anfield។ មុនការប្រកួតមកដល់ Samuel ក៏បានបង្ហាញជំនឿចិត្ត ដោយចង់ទម្លាក់ក្រុមជើងខ្លាំង Liverpool មួយទៀតដើម្បីបានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
“ពួកយើងបានដឹងទាំងអស់អំពី Liverpool ហើយពួកគេរំពឹង ក្នុងការឈ្នះ ដូច្នេះសំពាធគឺធ្លាក់លើពួកគេ។ ពួកយើងមានក្រុមកីឡាករ និងអ្នកចាត់ការល្អគ្រប់គ្រាន់ ក្នុងការប្រជែង ជាមួយក្រុមទាំងអស់ក្នុងលោក។ ព្រោះតែគ្រប់ពេល Liverpool លេង មនុស្សមួយចំនួន បានធ្វើការទាយសម្រាប់លទ្ធផលរបស់ពួកគេ ប៉ុន្តែវាធម្មតាទៅហើយក្នុងបាល់ទាត់។ ពួកយើងមានការងារត្រូវធ្វើ ហើយពួកយើងមិនមែនទៅ Liverpool ដើម្បីចាញ់នោះទេ”។ សម្ដី Samuel ប្រាប់ BBC៕ Source: Sabay