អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា លោក Elon Musk បានលក់ភាគហ៊ុន Tesla ប្រហែលតម្លៃ៤ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលភាគច្រើនទំនង ជាជួយផ្តល់មូលនិធិទិញ Twitter របស់លោក។
ភាគហ៊ុនចំនួន ៤.៤លាន ត្រូវបានលក់ក្នុងតម្លៃចាប់ពី ៨៧២.០២ ដល់ ៩៩៩.១៣ដុល្លារ ហើយលោក Musk បានរាយការណ៍ពីការលក់នេះ លើឯកសារមួយ ទៅកាន់គណៈកម្មការមូលបត្រ កាលពីថ្ងៃព្រហស្បតិ៍។ ការលក់ភាគច្រើនបានកើតឡើង កាលពីថ្ងៃអង្គារ ជាថ្ងៃដែលភាគហ៊ុន ក្នុងក្រុមហ៊ុន Tesla បានបិទធ្លាក់ចុះ ១២ភាគរយ ។
លោក Musk បានប្រាប់អ្នកតាមដាន Twitter របស់លោកចំនួន ៨៨.៥លាននាក់នៅព្រឹកថ្ងៃសុក្រថា មិនមានការលក់ TSLA ទៀតទេ ដែលបានគ្រោងទុកបន្ទាប់ពីថ្ងៃនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបិទធ្លាក់ចុះបន្តិច កាលពីថ្ងៃព្រហស្បតិ៍ ហើយពួកគេបានធ្លាក់ចុះ ១៧ភាគរយ មកទល់ពេលនេះនៅឆ្នាំនេះ។
លោក Musk ជាអ្នកមានជាងគេលើពិភពលោក បានស្នើទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ កាលពីដើមខែនេះ ដោយសន្យាថានឹងធ្វើឲ្យវាក្លាយជា ជម្រកសម្រាប់ការនិយាយដោយសេរី កាត់បន្ថយការពឹងផ្អែក ទៅលើការផ្សាយពាណិជ្ជកម្ម និងដោះស្រាយ ជាមួយនឹងការរីកសាយ នៃ Bots ចែកចាយ spam ។
ក្រុមប្រឹក្សាភិបាលរបស់ Twitter បានផ្តល់ការយល់ព្រមរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងនេះ ប្រតិកម្មពីអ្នកប្រើប្រាស់ Twitter ត្រូវបានលាយឡំគ្នា ហើយកិច្ចព្រមព្រៀងនេះ នៅតែត្រូវការដំណើរការទៅមុខ ពីម្ចាស់ភាគហ៊ុន និងនិយតករ៕ ដោយ៖លី ភីលីព