ព័ត៌មានអន្តរជាតិ

តួកគី ពហិកាសមយុទ្ធយោធា មួយដោយអង្គការ ណាតូនៅក្នុងប្រទេសក្រិក

បរទេស៖ ប្រទេសតួកគីកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសហើយថានឹងមិនចូលរួមក្នុងសមយុទ្ធយោធា មួយដែលរៀបចំដោយអង្គការណាតូ ឡើយដោយសារតែភាពតានតឹងជាមួយនឹង ប្រទេសក្រិកដែលជាអ្នកជិតខាង។

រដ្ឋាភិបាលក្រុងអង់ការ៉ាធ្លាប់បានដាក់ផែនការរួច ទៅហើយក្នុងការបញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ជាច្រើនគ្រឿងដើម្បីចូលរួមក្នុង សមយុទ្ធយោធាដែលមានឈ្មោះថា Tiger Meet ដែលត្រៀមធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសក្រិក Araxos Air នៅភាគខាង លិចនៃប្រទេសក្រិកចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២២ខែឧសភា។

យោងតាមការចេញផ្សាយដោយ rt.com បានឲ្យដឹងថាការសម្រេចចិត្តរបស់តួកគី បានធ្វើឡើងក្រោយពេលដែលខ្លួនបានពិចារណាថាពាក្យ សំដីរបស់រដ្ឋាភិបាលក្រុងអាតែននាពេលចុងក្រោយនិងពាក់ព័ន្ធទៅនឹងសមយុទ្ធយោធានោះគឺមានភាពផ្ទុយគ្នា ទៅនឹងច្បាប់អន្តរជាតិហើយតួកគី ក៏បានស្នើសុំឲ្យក្រិកធ្វើការផ្លាស់ប្តូរផង ដែរប៉ុន្តែក្រិកមិនព្រមធ្វើតាមសំណើរឡើយ។

គួរឲ្យដឹងដែរថាមុននេះបន្តិចទាំងតួកគី និងក្រិកបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា យន្តហោះជាច្រើនរបស់ភាគីទាំងសងខាងបានធ្វើការរំលោភ បំពានក្នុងការហោះហើរពីលើដែនអាកាស រៀងខ្លួនៗរហូតទៅដល់១២៥ដង ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនៅក្រិកនិង៣០ដងក្នុងរយៈពេល៣ថ្ងៃនៅតួកគី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top