អក្សរ “Z” បានរីករាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់តាំងពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ អក្សរ Z នេះបានបង្ហាញខ្លួននៅលើរថយន្ត និងរថយន្តពាណិជ្ជកម្ម។ សារព័ត៍មានRT ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ីកំពុងលក់អាវយឺតនៅលើគេហទំព័ររបស់ខ្លួនក្នុងការគាំទ្រជាក់ស្តែងចំពោះជម្លោះដែលកំពុងបន្ត។ ប៉ុន្តែអត្ថន័យពិតជាក់ស្តែងនៃអក្សរ Z ដែលរុស្សីកំពុងប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន មិនទាន់មានការបកស្រាយច្បាស់នៅឡើយទេ។
មុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន អក្សរ “Z” ត្រូវបានគេឃើញលាបលើរថក្រោះ ក៏ដូចជារថយន្តយោធាផ្សេងទៀតរបស់រុស្សី ដែលប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែន។ ដោយសារតែប្រទេសទាំង២ប្រើប្រាស់រថក្រោះ និងឡានដឹកទំនិញស្រដៀងគ្នា ដើមឡើយគិតថា រុស្សីធ្វើនេះប្រហែលដើម្បីបែងចែកកុំឱ្យមានការយល់ច្រឡំ។
គណនី Instagram របស់ក្រសួងការពារជាតិរុស្ស៊ីបានបង្ហាញទាំងនិមិត្តសញ្ញា “Z” និង “V” ជាមួយនឹងសារថា អក្សរទាំង២នេះ មានន័យថា “ដើម្បីជ័យជំនះ” និង “យើងបញ្ចប់សង្រ្គាម” ។ សារមួយទៀតសរសេរថា “យើងទទួលខុសត្រូវចំពោះពិភពលោក ឫ សន្តិភាព”។ ដោយមិនគិតពីអត្ថន័យយោធាដើម ពាក្យ “Z” បានក្លាយជានិមិត្តសញ្ញាសម្រាប់ការគាំទ្រដល់សង្រ្គាមដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន៕
ប្រភព៖sabay