កីឡា

ក្រុមកីឡាភ្នំពេញ ឈ្នះមេដាយមាស៣គ្រឿង នៃប្រភេទកីឡាវាយកូនឃ្លីលើតុ នៃប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ២០២២

ភ្នំពេញ ៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ប្រភេទកីឡាវាយកូនឃ្លីលើតុ ក្នុងចំណោម៨ប្រភេទនៃប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ២០២២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានរកឃើញក្រុមជើងខ្លាំង ដែលដណ្តើមមេដាយមាសរហូតដល់៣គ្រឿង គឺក្រុមកីឡាវាយកូនឃ្លីលើតុ រាជធានីភ្នំពេញ។

ក្នុងឳកាសពិធីបិទជាផ្លូវការដោយមានការអញ្ជើញចូលរួមបំពាក់មេដាយ និងប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនីពីសំណាក់លោក ម៉ិល កាសដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជាតំណាងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានមានប្រសាសន៍ថា សម្រាប់ប្រភេទកីឡាវាយកូនឃ្លីលើតុមាន ៦ ខេត្តចូលរួមដូចជារាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តកំពត។ យើងបានដាក់៦វិញ្ញាសារួមមាន វិញ្ញាសាវាយឯកត្តជនកុមារា-កុមារី វិញ្ញសាវាយជាគូកុមារា-កុមារី និងកុមារា-កុមារីវាយជាក្រុមខ្វែង។

ការប្រកួតកីឡានេះទៅតាមគន្លងប្រក្រតីភាពថ្មីដែរ ដោយរក្សានូវវិធានការការពារជាប់ជានិច្ច ពោលគឺ រក្សាអនាម័យ វាស់កម្ដៅ រក្សាគម្លាត និង ពាក់ម៉ាសជាប្រចាំ។ ការប្រកួតធ្វើឡើង ដើម្បីបំផុសសកម្មភាពអប់រំ កាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត និងជួយឲ្យសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិត ស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អ ប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា៕

Most Popular

To Top