ព័ត៌មានអន្តរជាតិ

កំពូលអ្នកលបបាញ់ ត្រង់បំផុត របស់កាណាដា Wali ចាកចេញពី អ៊ុយក្រែន ក្រោយមានការ អាក់អន់ចិត្តជាខ្លាំង

បរទេស ៖ នៅពេលដែលមានការសរសើរ ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ អ្នកលបបាញ់ជនជាតិ កាណាដាម្នាក់ ដែលគេស្គាល់ថា ជា ‘Wali’ បានចាកចេញ ពីប្រទេសក្រែន ត្រឡប់ទៅកាន់ទីក្រុង Quebec ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា បទពិសោធន៍ របស់គាត់មាន “ការខកចិត្ត ដ៏គួរឱ្យភ័យខ្លាច” ។ កំពូលអ្នកលបបាញ់ត្រង់បំផុត របស់កាណាដារូបនេះ បានអះអាងថា មានអាវុធមិនគ្រប់គ្រាន់ ការហ្វឹកហ្វឺនមិនល្អ និងការខាតបង់យ៉ាងខ្លាំង និងទាហាន រត់ចោលជួរជាដើម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលដែល ‘Wali’ បានឆ្លើយតបការ អំពាវនាវ របស់ប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ក្នុងខែមីនា ហើយបាន ស្ម័គ្រចិត្ត ប្រយុទ្ធ ដើម្បីអ៊ុយក្រែន គាត់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច ផ្សព្វផ្សាយយ៉ាង ភ្លូកទឹកភ្លូកដី។ អតីតទាហានកាណាដាម្នាក់ ដែលបានស្ម័គ្រចិត្តប្រយុទ្ធជា មួយពួកសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសអ៊ីរ៉ាក់ លោក Wali ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអេស្បាញពិពណ៌នាថាជា “អ្នកលបបាញ់ដ៏ល្អបំផុត នៅក្នុងពិភពលោក ” ដែលត្រូវបានអបអរសាទរ ដោយអ្នកសរសេរប្លុកយោធា អាមេរិកសម្រាប់រុស្សី ។ លោក Wali ត្រូវបានសរសើរ ដោយសារព័ត៌មាន New York Post សម្រាប់ “ចាប់យកកាំជ្រួចប្រឆាំង រថក្រោះនៅក្នុងឃ្លាំង ដើម្បីសម្លាប់មនុស្សពិតប្រាកដ” ។

ទោះបីជាយ៉ាងណាលោកថា លោកពិតជាចាកចេញ ជាមួយនឹងការខកចិត្ត ។ ត្រលប់មកផ្ទះវិញក្នុងទីក្រុង Quebec លោក Wali បានប្រាប់សារព័ត៌មាន La Presse កាលពីថ្ងៃសុក្រថា មេបញ្ជាការអ៊ុយក្រែន របស់គាត់ គឺដំបូង “មិនដឹងថា ត្រូវធ្វើអ្វី” ជាមួយអ្នកប្រយុទ្ធបរទេស ដូចជាខ្លួនគាត់។ ធុញទ្រាន់នឹងការរង់ចាំ ឱកាសដើម្បីប្រយុទ្ធ, Wali បានចូលរួមជាមួយ ‘ Norman Brigade’ ដែលជាអង្គភាព ឯកជនមួយ ដែលដឹកនាំដោយអតីតទាហានម្នាក់ទៀតមកពី Quebec ។

ទោះជាយ៉ាងណាក៏ដោយ សមាជិកមួយចំនួន នៃកងពលតូចនេះបានប្រាប់ La Presse ថា អាវុធ និងពាសដែក ដែលបានសន្យាដោយប្រធានកងពលតូច គឺមិនដែលទទួលបានឡើយ ហើយសមាជិកមួយចំនួន របស់ពួកគេបានរកឃើញថា ពួកគេនៅជិតជួរមុខ ដោយគ្មានឧបករណ៍ការពារ ។ ចាប់តាំងពីពេលនោះមក សមាជិកនៃកងពលតូចប្រហែល 60 នាក់ បានរត់ចោលជួរ ហើយទាហានខ្លះ “មានគម្រោង” ដើម្បីលួចដឹកជញ្ជូនអាវុធ ដែលផ្គត់ផ្គង់ ដោយអាមេរិក ក្នុងតម្លៃ 500,000 ដុល្លារ ហើយទៅបង្កើត អង្គភាពផ្ទាល់ខ្លួនរបស់ពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top