វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានសន្យាផ្តល់ការវិនិយោគជាង ១៥០លានដុល្លារ ដល់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ សម្រាប់កិច្ចសហប្រតិបត្តិការ ដែនសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធ និងគំនិតផ្តួចផ្តើមផ្សេងទៀត ខណៈដែលខ្លួនបានចាប់ផ្តើមកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ ជាមួយក្រុមសមាជិកទាំង១០ នៅវ៉ាស៊ីនតោន ។
ការប្រមូលផ្តុំនេះ គឺមានបំណងបង្ហាញ ពីការប្តេជ្ញាចិត្ត ដែលសហរដ្ឋអាមេរិកមាន ចំពោះឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រទេសចិន បាននិងកំពុងបង្កើន ឥទ្ធិពលរបស់ខ្លួន និងធ្វើការទាមទារយ៉ាងទូលំទូលាយ នៅក្នុងដែនទឹកក្នុងតំបន់ ។
សេតវិមានបានឲ្យដឹងថា សេចក្តីប្រកាស ស្តីពីគំនិតផ្តួចផ្តើមថ្មី ដែលធ្វើឡើងបន្ទាប់ពីការប្តេជ្ញាចិត្ត ដែលបានធ្វើឡើងក្នុងខែតុលា ដែលមានទឹកប្រាក់រហូតដល់ ១០២លានដុល្លារ ក្នុងការវិនិយោគ ក្នុងទំនាក់ទំនងអាមេរិក-អាស៊ាន ដោយប្រធានាធិបតីលោក ចូ បៃដិន នឹងសម្ពោធ “យុគសម័យថ្មីនៃភាពជាដៃគូ” ។
នេះជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំអាស៊ាន នៅក្នុងរដ្ឋធានីសហរដ្ឋអាមេរិក។ សមាជិក រួមមាន ប្រទេស ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម។
គំនិតផ្តួចផ្តើមថ្មីនេះ បានផ្តល់ថវិកាចំនួន ៦០ លានដុល្លារ ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការដែនសមុទ្រ ដែលនឹងរួមបញ្ចូលការជួយ បណ្តាប្រទេសអាស៊ាន ប្រឆាំងនឹងការនេសាទ ខុសច្បាប់ និងការដាក់ពង្រាយបុគ្គលិកឆ្មាំឆ្នេរ សមុទ្រអាមេរិកទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីគាំទ្រដល់ការ បណ្តុះបណ្តាលដែនសមុទ្រ ៕
ប្រែសម្រួល ឈូក បូរ៉ា