ស្ត្រីជនជាតិថៃម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ពីលើអគារខុនដូ ជាន់ទី២៦ ក្នុងទីក្រុងបាងកក ក្រោយពីបានឈ្លោះប្រកែកគ្នា ជាមួយសង្សារដែលជាជនជាតិបរទេស។
ក្រុមជួយសង្គ្រោះ បានមកដល់កន្លែងកើតហេតុ ដើម្បីយកនារីរូបនោះទៅព្យាបាលនៅមន្ទីរពេទ្យចម្ងាយ ១ គីឡូម៉ែត្រពីកន្លែងកើតហេតុ ប៉ុន្តែខាងមន្ទីរពេទ្យបានបដិសេធ មិនទទួលព្យាបាលនោះទេ។ មន្ទីរពេទ្យបាននិយាយថា របួសរបស់ស្ត្រីនេះគឺធ្ងន់ធ្ងរពេកសម្រាប់ពួកគេក្នុងការព្យាបាល ដោយសារតែពួកគេ មិនមានឧបករណ៍គ្រប់គ្រាន់។
នារីរងគ្រោះត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យមួយកន្លែងទៀត ពោលគឺត្រូវរង់ចាំរហូតដល់ទៅ២ម៉ោងទើបទទួលបានការព្យាបាល។ ក្រោយពិនិត្យឃើញថា នាងបានបាក់ជើងទាំងពីរ និងមិនរងរបួសដល់ក្បាលទេ។ អ្នកលេងបណ្តាញសង្គម នៅក្នុងប្រទេសថៃ សម្តែងការខឹងសម្បារជាខ្លាំងដែលត្រូវចំណាយពេល ២ម៉ោងទម្រាំនារីរងគ្រោះ ទទួលបានការព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ឱ្យដឹងថា មុនពេលកើតហេតុស្ត្រីរូបនេះ បានឈ្លោះប្រកែកជាមួយសង្សារជាជនជាតិបរទេស ហើយមួយសន្ទុះក្រោយមក ក៏បានលោតពី រានហាល ខុនដូជាន់ទី ២៦ ក្នុងតំបន់ Rakhamhaeng នៃទីក្រុងបាងកក បង្កឱ្យអ្នករស់នៅតំបន់នោះមានការភ្ញាក់ផ្អើលជាខ្លាំង៕ Source: Sabay