វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ ២០២២ថា សហរដ្ឋអាមេរិក បានបើកស្ថានទូត របស់ខ្លួនឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេល៣ខែ បន្ទាប់ពីខ្លួនបានបញ្ឈប់ប្រតិបត្តិការ ដោយរំពឹងថា រុស្ស៊ីនឹងចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងប្រទេសនេះ ។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋ អាមេរិក បានថ្លែងដូច្នេះ ។
លោក Blinken បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះ នៅលើគេហទំព័រ របស់ក្រសួងការបរទេសថា “ថ្ងៃនេះយើងកំពុង បន្តប្រតិបត្តិការជាផ្លូវការ នៅស្ថានទូត សហរដ្ឋអាមេរិក នៅទីក្រុង គៀវ” ។ គៀវ គឺជាអក្ខរាវិរុទ្ធរ៉ូម៉ាំង នៃរដ្ឋធានីអ៊ុយក្រែន ដែលមានមូលដ្ឋាន លើភាសាអ៊ុយក្រែន ។
លោករដ្ឋមន្ត្រីបានថ្លែងថា សហរដ្ឋអាមេរិកនឹង “បន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន នៅគ្រាដែលពួកគេការពារប្រទេសរបស់ពួកគេ” នៅក្នុងសង្រ្គាម ដែលកំពុងបន្តជាមួយរុស្ស៊ី” ។
លោក Blinken បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក បានចាត់វិធានការបន្ថែមដើម្បីបង្កើន សុវត្ថិភាពរបស់សហសេវិក របស់យើងដែលកំពុងត្រឡប់ទៅទីក្រុង គៀវ ហើយ (យើង) បានពង្រឹងវិធានការសន្តិសុខ និងពិធីការរបស់យើង ។
គួររំលឹកថា ស្ថានទូតអាមេរិក ប្រចាំ នៅប្រទេសអ៊ុយក្រែន និងបានបិទ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលមានរយៈពេល១០ថ្ងៃ មុនពេលរុស្ស៊ីបើកប្រតិបត្តិការ យោធាពិសេសក្នុងប្រទេសនេះ ។
សហរដ្ឋអាមេរិក បានចាប់ផ្តើមជម្លៀស បុគ្គលិកស្ថានទូត របស់ខ្លួននៅថ្ងៃទី១២ ខែកុម្ភៈ ។ បុគ្គលិកក្រសួងការបរទេស បានផ្លាស់ប្តូរទីតាំងដំបូង ទៅកាន់ទីក្រុង Lviv ភាគខាងលិច របស់អ៊ុយក្រែន ហើយបន្ទាប់មក បានចាកចេញ ពីប្រទេសបន្ទាប់ពីកងកម្លាំងរុស្ស៊ី បានចូលទឹកដីអ៊ុយក្រែន ដើម្បីធ្វើប្រតិបត្តិការយោធា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា