អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc បាននិយាយថា ប្រព័ន្ធអេកូកម្មវិធី iOS របស់ខ្លួនមានអ្នកអភិវឌ្ឍន៍ភាគីទី៣ ច្រើនជាង ៥ លាននាក់ក្នុងប្រទេសចិន ដោយមានការកើនឡើងពី ៤.៤ លាននាក់កាលពីឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
កំណើន២ខ្ទង់បង្ហាញពីភាពធន់ និងភាពសាទររបស់អ្នកអភិវឌ្ឍន៍កម្មវិធី របស់ចិនទទួលយក App Store ដើម្បីស្វែងរកឱកាសរីកចម្រើន តាមទូរស័ព្ទចំពេលមានបញ្ហាប្រឈម នៃជំងឺរាតត្បាត COVID-19។ អ្នកជំនាញបាននិយាយថា អ្នកអភិវឌ្ឍន៍កម្មវិធីមកពីប្រទេសចិន បន្តបង្កើតអាជីវកម្មថ្មី និងការច្នៃប្រឌិត ក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយកំពុងជួយកសាងទីផ្សារពិភពលោក ដ៏រីកចម្រើនបំផុតមួយ នាពេលបច្ចុប្បន្ននេះ។
អាជីវកម្មខ្នាតតូចរបស់ចិន និងអ្នកបង្កើតកម្មវិធី ជាពិសេសគឺការស្វែងរក ភាពជោគជ័យច្រើន ជាងពេលណាទាំងអស់ប្រើ iOS App Store របស់ Apple ។ បើយោងតាមរបាយការណ៍ បានបង្ហាញដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Analysis Group ថា កាលឆ្នាំ ២០២១ អាជីវកម្មខ្នាតតូចរាប់ពាន់ និងអ្នកបង្កើតកម្មវិធីថ្មីបានចូលរួមជាមួយ App Store មកពីជុំវិញពិភពលោក ដោយមាន ២៣ ភាគរយមកពីប្រទេសចិន ។
អ្នកអភិវឌ្ឍន៍ខ្នាតតូច ត្រូវបានកំណត់ថា ជាអ្នកដែលមានប្រាក់ចំណូល តិចជាង ១លានដុល្លារ និងការទាញយកតិចជាងមួយលាន នៅលើកម្មវិធីទាំងអស់របស់ពួកគេ ក្នុងមួយឆ្នាំ។ អ្នកអភិវឌ្ឍន៍ទាំងនេះទាញ យកអត្ថប្រយោជន៍ពីសមត្ថភាព App Store របស់ Apple ដែលធ្វើឲ្យវាងាយស្រួល ក្នុងការចែកចាយកម្មវិធីក្នុង ១៧៥ប្រទេស និងតំបន់៕ ដោយ៖លី ភីលីព