កីឡា

ក្រុមបាល់ទះជើងខ្លាំង២១ក្រុម រាជធានី-ខេត្ត ប៉ះគ្នាដណ្តើមការប្រកួតកីឡាបាល់ទះ ពានរង្វាន់ សម្តេច ក្រឡាហោម

ភំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំបង្កើតកម្មវិធីប្រកួតបាល់ទះបុរស ក្នុងសាលព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះ ពានរង្វាន់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាខែមិថុនានេះ ដោយមានក្រុមមកពីតាម បណ្តារាជធានី-ខេត្តចំនួន២១ក្រុម ដាក់ពាក្យចូលរួមប្រកួតប្រជែង។

ក្នុងពិធីចាប់ឆ្នោតជ្រើសរើសពូល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ឆ្នាំ២០២២ នៅទីលានបាល់ទះវិសាខា (ម្តុំហ្រ្គេនភ្នំពេញ) បានបែងចែកក្រុមទាំង២១ ទៅជា៤ពូលផ្សេងគ្នា ដើម្បីប្រកួតជម្រុះ។ ចំណែកការប្រកួតនេះក៏នឹងធ្វើឡើង នៅទីលានបាល់ទះវិសាខា ផ្ទាល់តែម្តងផងដែរ។ ការប្រកួតនឹងរៀបចំពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ពោលគឺរាល់ថ្ងៃអាទិត្យ ដល់ថ្ងៃព្រហស្បត្តិ៍ នៅក្នុងសប្ដាហ៍នីមួយៗ។ ក្រោយប្រកួតសន្សំពិន្ទុតាមពូល ក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ មានឈ្មោះឡើងទៅ ទៅវគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តកៅអីរកក្រុមខ្លាំង ចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រតែម្តង។

លោក ទែន ឡន ប្រធានអនុគណៈកម្មការបច្ចេកទេស បានបញ្ជាក់ថាយ៉ាងហោចណាស់ មានក្រុមធំៗក្នុងស្រុក ប្រហែលជា៥ក្លិប នឹងមិនអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែង ក្នុងពានរង្វាន់សម្តេចក្រឡាហោម នៅឆ្នាំនេះនោះទេ ដោយសហព័ន្ធបានសម្លឹងឃើញ ពីសក្ដានុពលរបស់ក្លិបទាំងនោះ។ ក្លិបទាំង៥ មានដូចជា វិសាខា, ក្លិបបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស, រដ្ឋបាលរាជធានីភ្នំពេញ និង កងពលធំអន្តរាគមន៍លេខ៣។

លោកបន្តថា តាមផែនការនៃការប្រកួតក្រោយបញ្ចប់ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ហើយក្រុមទាំង៥ខាងលើនេះ ឈរចាំនៅក្នុងពានរង្វាន់ សម្តេចតេជោ ជាស្រេច។
ចំណែកក្រុមដែលជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៧ ក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ជាបេក្ខភាពបន្ថែម ដើម្បីចូលដណ្តើមពានរង្វាន់ សម្តេចតេជោ ជាមួយក្រុមខ្លាំងទាំង៥ ដែលអង្គុយចាំ។

ដោយឡែកគណៈកម្មការ បានផ្តល់ឱកាសសម្រាប់ កីឡាករក្លិបធំៗទាំង៥ អាចដាក់ឈុតទី២ របស់ខ្លួនក្នុងពានរង្វាន់ សម្តេចក្រឡាហោម បានក៏ប៉ុន្តែកីឡាករទាំងអស់គឺត្រូវស្ថិតនៅបញ្ជី ដាច់ដោយឡែកពីគ្នាជាមួយក្រុមឈុតទី១។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ លើកឡើងជុំវិញកម្មវិធីប្រកួត ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ថា៖«នេះបេសកកម្មមួយរបស់យើង ដើម្បីស្វែងរកឈាមថ្មី ទៅបន្ថែមនៅក្នុងក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា របស់យើង។ ដូចយើងដឹងហើយថា យើងត្រូវធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ប៉ុន្តែក្រោយឆ្នាំ២០២៣ ក៏យើងនៅតែមានកម្មវិធី ប្រកួតថែមទៀត។ ដូច្នេះយើងត្រូវការធនធានកីឡាករ បន្តវេនជាបន្តបន្ទាប់»។

លោកអគ្គលេខាធិការបន្ថែមថា ខ្ញុំសូមថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំបណ្តាក្លិប សមាគម មកពីតាមរាជធានីខេត្តទាំងអស់ បានចូលរួមប្រកួតប្រជែង ក្នុងពានរង្វាន់នេះ សម្តេចក្រឡាហោម។ យើងខ្ញុំសូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ជារៀងរាល់ឆ្នាំតទៅ។ ឆ្នាំនេះក្រុមដែលដណ្តើមបានជើងឯក ទទួលបានពានរង្វាន់ធំ១ អមដោយប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន២០លានរៀល៕ ​ដោយ៖លី ភីលីព

Most Popular

To Top