បរទេស ៖ តុលាការអាមេរិក កាលពីថ្ងៃចន្ទ បានចេញដីការឹបអូស យន្តហោះប្រណីតចំនួន២គ្រឿង ដែលជាកម្មសិទ្ធិ របស់មហាសេដ្ឋីរុស្ស៊ី គឺលោក Roman Abramovich ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌អាមេរិក គឺ ចំណាត់ការនេះគឺជាផ្នែកមួយ នៃការដាក់ទណ្ឌកម្មថ្មីៗ ដែលចេញប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹង ដោយផ្អែកតាមអាជ្ញាធរថា យន្តហោះដែលផលិតដោយអាមេរិក បានហោះហើរចូល ហោះចេញ ពីប្រទេសរុស្ស៊ី ដោយមិនទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងពាណិជ្ជកម្មអាមេរិក។ យន្តហោះ និងគ្រឿងបន្លាស់យន្តហោះ ត្រូវស្ថិតនៅក្រោមច្បាប់នាំចេញ ដោយសារតែការប្រើប្រាស់យោធា ដ៏មានសក្តានុពល និងផលប៉ះពាល់សន្តិសុខជាតិ។
យន្តហោះទាំង២គ្រឿងនោះ គឺមួយប្រភេទ Boeing 787 Dreamliner តម្លៃ ៣៥០លានដុល្លារ និង មួយទៀតប្រភេទ Gulfstream G650 ER តម្លៃ ៦០លានដុល្លារ។ របាយការណ៍បាននិយាយថា “យន្តហោះ Boeing បានហោះហើរទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី 4 ខែមីនា ឆ្នាំ 2022 ដោយគ្មានអាជ្ញាប័ណ្ណ BIS ហើយឥឡូវនេះស្ថិតនៅក្នុង ប្រទេសអារ៉ាប់រួម” ដោយបន្ថែមថា ចំណែកយន្តហោះ “Gulfstream បានហោះហើរទៅកាន់ ប្រទេសរុស្ស៊ីនៅថ្ងៃទី 12 និង 15 ខែមីនា ឆ្នាំ 2022 ដោយគ្មាន អាជ្ញាប័ណ្ណ BIS ហើយនៅតែស្ថិតក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា