ភ្នំពេញ៖ ថ្មីៗនេះមហាជនដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេស Tik tok បានចាប់អារម្មណិ៍ខ្លាំងទៅលើករណីបេក្ខភាព Miss Universe Cambodia 2022 ពាក់ស្លាកលេខ ៧ មា្នក់ឈ្មោះ សុគន្ធ ចរិយា ត្រូវបានបុរសម្នាក់ទម្លាយរឿងអាស្រូវថា នាងកំពុងមានបញ្ហាជំពាក់វាក់វិនរឿងមួយចំនួនជាមួយខ្លួន ។
ជាមួយគ្នានេះផងដែរបុរសខាងលើថែមទាំងបាននិយាយទៀតថា បេក្ខភាព សុគន្ធ ចរិយា និងខ្លួនគឺមានទំនាក់ទំនងស្នេហាជាប្ដី ប្រពន្ធ ព្រមទាំងធ្លាប់មានកូនជាមួយគ្នាផងដែរ ។
តាមរយៈគណនី Tik tok ឈ្មោះ «អ្នកមិនប៉ះខ្ញុំៗក៏មិនប៉ះអ្នក» បានបង្ហោះរូបថត MUC 7 ព្រមទាំងសរសេរប្រកាសក្ដែងៗថា ៖ «សូមបេក្ខភាព Miss Universe លេខ ៧ ចូលខ្លួនមកដោះស្រាយរឿងយកឡាន range rover របស់ខ្ញុំទៅបញ្ចាំ និង ជួយសងលុយធនាគារផង ហើយព្យាយាមគេចវេសរហូតមក»។
យ៉ាងណាក៏ដោយ ក្រោយពីមានការលើកឡើងពីសំណាក់បុរសមិនស្គាល់មុខរូបនោះ កញ្ញា សុគន្ធ ចរិយា ក៏បានចេញមុខបកស្រាយទាំងទឹកភ្នែក ។ តាមរយៈវីដេអូលើទំព័រហ្វេសប៊ុកផេកផ្លូវការ Miss Universe Cambodia ដោយកញ្ញាបានច្រានចោលទាំងស្រុងថា កញ្ញាមិនបានរៀបការ មិនបានចុះអេតាស៊ីវិល ឬ មានកូនអ្វីទាំងអស់ ជាមួយបុរសដែលបានចោទប្រកាន់នាងនោះ តែនាងទទួលស្គាល់ថានាង និង បុរសដែលបង្ហោះវីដេអូចោទនាង គឺធ្លាប់មានទំនាក់ទំនងជាសង្សារនឹងគ្នា ប៉ុន្តែពេលនេះបានចែកផ្លូវគ្នាដើររៀងខ្លួនហើយ។
តាមរយៈវីដេអូបកស្រាយរយៈពេល ២០នាទីជាង កញ្ញា សុគន្ធ ចរិយា ថែមបានបញ្ជាក់ថា បុរសដែលជាអតីតសង្សារបស់នាងនោះ ធ្លាបជេរប្រមាថមើលងាយនាងយ៉ាងខ្លាំង ដែលធ្វើឱ្យនាងរងការឈឺចាប់ជាពន់ពេករហូតសម្រេចចិត្តបែកផ្លូវគ្នាដើររៀងៗខ្លួន ។ ប៉ុន្តែមួយរយៈខ្លីចុងក្រោយ បុរសនោះបានព្យាយាមនិយាយត្រូវគ្នាវិញ តែនាងបដិសេធ ទើបធ្វើឱ្យគេខឹង ហើយថែមទាំងគំរាមសម្លាប់នាងទៀតផង ។
ជាមួយគ្នានេះផងដែរ បើតាមរយៈគណនីហ្វេសប៊ុករបស់កញ្ញា សុគន្ធ ចរិយា ផ្ទាល់ថែមទាំងបានបង្ហាញភ័ស្ដុតាងអតីតសង្សារចាស់នាង ប្រើពាក្យជេរប្រមាថនាងខ្លាំងៗ ដែលសកម្មភាពនេះបានធ្វើឱ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ សុគន្ធ ចរិយា តែម្ដង ៕
ដោយ៖ ម៉ានី