ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ជួបជាមួយមេដឹកនាំ EU ដើម្បីពិភាក្សាគ្នា អំពីការចូលជាសមាជិកភាព និងជម្លោះ រវាងអ៊ុយក្រែន និងរុស្ស៊ី

គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយមេដឹកនាំ នៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និង រ៉ូម៉ានី នៅក្នុងទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពី ទស្សនវិស័យ របស់ប្រទេសខ្លួនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ។

នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នាយករដ្ឋមន្ត្រី អ៊ីតាលីលោក Mario Draghi និងប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis លោកប្រធានាធិបតី Zelensky បានពន្យល់ប្រាប់ដល់មេដឹកនាំអឺរ៉ុប អំពីស្ថានភាពនៅជួរមុខ និងតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី ។

លោក Zelensky បានថ្លែងថា អ៊ុយក្រែនរំពឹងថា ការផ្គត់ផ្គង់អាវុធធុនធ្ងន់ថ្មីៗ កាំភ្លើងធំយន្តហោះទំនើប និងប្រព័ន្ធការពារមីស៊ីលពីដៃគូរបស់ខ្លួន ។

លោកក៏បានធានា ចំពោះមេដឹកនាំអឺរ៉ុប ថា ប្រទេសអ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តការងារចាំបាច់ ដើម្បីទទួលបានសមាជិកភាពពេញ លេញនៅក្នុងសហភាពអឺរ៉ុប ។
ចំណែកលោក Macron វិញបានថ្លែងថា អ៊ុយក្រែន គឺជាផ្នែកមួយនៃគ្រួសារ អឺរ៉ុប ហើយមេដឹកនាំនៃប្រទេសទាំង ៤គាំទ្រការផ្តល់ឋានៈជាបេក្ខភាពអ៊ុយក្រែន សម្រាប់សមាជិកភាពសហភាពអឺរ៉ុប ។

ទន្ទឹមនឹងនេះ លោក Scholz បានលើកឡើងថា ស្ថានភាពបេក្ខជន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងមាគ៌ាអឺរ៉ុប ចំពោះអ៊ុយក្រែន ខណៈដែលកត់សម្គាល់ថា ប្រទេសនេះចាំបាច់ត្រូវបំពេញ តាមលក្ខណៈវិនិច្ឆ័យមួយចំនួន ដើម្បីចូលរួមជាមួយប្លុក ដែលមានសមាជិក២៧រូប ។

លោក Iohannis បានសង្កត់ធ្ងន់ថា បណ្តាប្រទេសនៅអឺរ៉ុប ត្រូវតែបង្កើតឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ បន្ទាប់ពីជម្លោះ ខណៈដែលលោក Draghi បានកត់សម្គាល់ថា EU កំពុងបង្ហាញពីការរួបរួមក្នុងការត្រៀមខ្លួន ជួយដល់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top