ព័ត៌មានអន្តរជាតិ

កាសែត Wall Street Journal៖ យោធាអាមេរិក ជួយអ៊ីស្រាអែលដោយសម្ងាត់ ដើម្បីវាយប្រហារគោលដៅក្នុងប្រទេសស៊ីរី

បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលប្រឆាំង នឹងគោលដៅដែលមានទំនាក់ទំនងនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ត្រូវបានអនុវត្តដោយមានការយល់ព្រមជាសម្ងាត់ពីយោធាសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់ប្រភពពីមន្រ្តីអាមេរិក បច្ចុប្បន្ន និងអតីតមន្រ្តីថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិងកំពុងសម្របសម្រួលការវាយប្រហាររបស់ពួកគេលើគោលដៅនៅក្នុងប្រទេសស៊ីរី ជាមួយមន្ទីរបញ្ចកោណ និងទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។

ការសន្ទនានេះត្រូវបានគេរាយការណ៍ថា ត្រូវការដើម្បីធានាថាការវាយឆ្មក់ដោយយន្តហោះអ៊ីស្រាអែលមិនជ្រៀតជ្រែកក្នុងប្រតិបត្តិការរបស់ភាគីអាមេរិកដែលឈរជើងនៅមូលដ្ឋាន Al-Tanf ក្បែរព្រំដែនប្រទេសស៊ីរី ជាមួយនឹងប្រទេសហ្ស៊កដានី។

យោងតាមប្រភព ការវាយប្រហារភាគច្រើនរបស់ IDF ត្រូវបានត្រួតពិនិត្យដោយទីក្រុងវ៉ាស៊ីនតោន។ ពួកគេបានបន្ថែមថា សហរដ្ឋអាមេរិកមិនបានជួយអ៊ីស្រាអែលឱ្យជ្រើសរើស គោលដៅរបស់ពួកគេទេ៕

Most Popular

To Top