ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា តំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញដឹកនាំ កិច្ចប្រជុំបច្ចេកទេស នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ដើម្បីត្រៀមរៀបចំ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា តាមរយៈការរៀបចំ ការប្រកួតកីឡានិស្សិតសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃស្អែកនេះតទៅនេះ គឺក្រសួងអប់រំ យុវជន និងកីឡាផ្តល់ឱកាសជូនដល់មន្ត្រីរៀបចំ របស់សហព័ន្ធកីឡាជាតិ ទាំង១២សហព័ន្ធ ដើម្បីយកការប្រកួតថ្នាក់ជាតិនេះ ជាការអនុវត្តការងារ ក្នុងការរៀបចំឲ្យមានគុណភាពសម្ថភាព កាន់តែប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទទួល រៀបចំការប្រកួតកីឡា sea games លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីរៀបចំការប្រកួត ទទួលការបណ្តុះបណ្តាល ពីក្រសួងអប់រំ យុវជន និងកីឡាហើយៗយកមករៀបចំ ការប្រកួតកីឡានិស្សិតឧត្តមសិក្សា របស់យើងនេះ ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម។ ចំពោះកីឡាករ កីឡាការិនី ដែលជាសិស្សនិស្សិត មកពីគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ដែលដណ្តើមបានជ័យលាភីល្អៗ ក្នុងការប្រកួតថ្នាក់ជាតិនេះ នឹងត្រូវបានជ្រើសរើសយក ទៅប្រកួតលក្ខណៈអន្តរជាតិ នាពេលខាងមុខផងដែរ។
តាមរយៈព្រឹត្តិការណ៍នេះ ក៏ជាការផ្តល់ឱកាសជូន ដល់និស្សិតបានចូលរួមលេងកីឡា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលប្រជាជនម្នាក់ លេងកីឡាមួយមុខប្រចាំជីវិត ហើយអនុសាសន៍នេះ គណៈកម្មធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានយកអនុសាសន៍នេះ មកធ្វើជាយុទ្ធនាការផ្សព្វផ្សាយ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា sea games លើកទី៣២ ឆ្នាំ២០២៣ផងដែរ»។ នេះជាប្រសាសន៍បន្ថែម របស់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិ CAMSOC៕ ដោយ៖លី ភីលីព