ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក សាកល្បងអាវុធលឿនជាងសំឡេង ចេញពីយន្តហោះទម្លាក់គ្រាប់បែក B-52 ដោយជោគជ័យ

វ៉ាស៊ីនតោន៖ បន្ទាប់ពីការបរាជ័យជាច្រើនខែ កងទ័ពអាកាសបានធ្វើការសាកល្បង អាវុធល្បឿនលឿនជាងសំឡេង ដោយជោគជ័យ កាលពីខែឧសភា ជាមួយនឹងកងទ័ពអាកាសអាមេរិក B-52H Stratofortress ចេញពីភាគខាងត្បូង ឆ្នេរសមុទ្រកាលីហ្វ័រញ៉ា។ ឥឡូវនេះ មានការធ្វើតេស្តបង្កើនល្បឿនលឿន ជាងសំឡេងជោគជ័យមួយផ្សេងទៀត។

តាមទស្សនាវដ្តីកងទ័ពអាកាសបានឲ្យដឹងថា កងទ័ពអាកាសបានសម្រេច ការបាញ់ដោយជោគជ័យ លើកទីពីរនៃអាវុធប្រតិកម្មរហ័ស AGM-183A របស់ខ្លួន ដែលបាញ់តាមអាកាស។ ការធ្វើតេស្តនេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែកក្កដា នៅឆ្នេរនៃ រដ្ឋកាលីហ្វ័រញ៉ា។

ការធ្វើតេស្តជោគជ័យមានន័យថា ដំណាក់កាល “ជំរុញ” នៃការធ្វើតេស្តបានបញ្ចប់ ហើយការធ្វើតេស្តប្រតិបត្តិការ នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National Interest។

លោក Brig Gen. Heath Collins មន្ត្រីប្រតិបត្តិកម្មវិធីនៃនាយកដ្ឋានសព្វាវុធ បានឲ្យដឹងអំពីការធ្វើតេស្តនេះ យោងទៅតាមសេចក្តីប្រកាសព័ត៌មាន របស់កងទ័ពអាកាសថា “នេះគឺជាព្រឹត្តិការដ៏សំខាន់មួយទៀត សម្រាប់អាវុធ ល្បឿនលឿនជាងសំឡេងដំបូងបង្អស់ របស់កងទ័ពអាកាស។ ការធ្វើតេស្តនេះបានបង្ហាញពីប្រសិទ្ធភាព នៃការជំរុញការពង្រីកប្រតិបត្តិការ ដោយជោគជ័យ”។

លោកបន្ថែមថា “ឥឡូវនេះយើងបានបញ្ចប់ស៊េរីតេស្ត ជំរុញរបស់យើងហើយ ហើយត្រៀមខ្លួនជាស្រេច ដើម្បីឆ្ពោះទៅរកការធ្វើតេស្តគ្រប់ជ្រុងជ្រោយ នៅចុងឆ្នាំនេះ។ សូមអបអរសាទរដល់ក្រុម ARRW ទាំងមូល ការយកចិត្តទុកដាក់ និងជំនាញរបស់អ្នក គឺជាអ្វីដែលនាំពួកយើងមកទីនេះ”។

ដូចដែលបានចង្អុលបង្ហាញ ដោយទស្សនាវដ្តីកងទ័ពអាកាស ការសាកល្បងជោគជ័យទាំងពីរ បានកើតឡើង ក្រោយពីបរាជ័យចំនួន ៣លើក ដែលនៅពេលនោះ កងទ័ពអាកាសបានកាត់បន្ថយថវិកា សម្រាប់កម្មវិធីល្បឿនលឿនជាងសំឡេង ជិត ១៦១លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top