ភ្នំពេញ៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ិត ឡេង ប្រធានទីភ្នាក់ងារប្រឆាំងដូប៉ាកម្ពុជា និងថ្នាក់ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ចូលរួមបើកវគ្គសិក្ខាសាលាស្តីពី “ ការបំប៉នសមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា” នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងខ្លួនខ្ញុំផ្ទាល់សូមវាយតម្លៃខ្ពស់ និងកោតសសើរ ចំពោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងទីភ្នាក់ងារកម្ពុជា ប្រឆាំងដូប៉ាក្នុងវិស័យកីឡា បានសហការគ្នាយ៉ាងល្អប្រសើរ ជាមួយថ្នាក់ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីរៀបចំបើកវគ្គសិក្ខាសាលាស្តីពី ការបំប៉នសមត្ថភាពមន្ត្រីត្រួតពិនិត្យដូប៉ា ដ៏មានសារសំខាន់នេះ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ដើម្បីទទួលយកចំណេះដឹងថ្មី យកទៅអនុវត្តក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះគោលបំណងបង្ការ និងទប់ស្កាត់ការប្រើប្រាស់ សារធាតុដូប៉ាក្នុងវិស័យកីឡា ដើម្បីចូលរួមរក្សាឲ្យបានការប្រកួតកីឡា ប្រកបដោយយុត្តិធម៌ និងការពារកីឡា និងអត្តពលិកស្អាតស្អំ។
លោកបានបន្តថា ការងារអប់រំកាយ និងកីឡា មានសារសំខាន់ ក្នុងការកសាងធនធានមនុស្ស ឲ្យមានសុខភាពល្អ ចំណេះដឹងខ្ពស់ និងសីលធម៌ល្អ ហើយក្លាយជាធនធាន ប្រកបដោយប្រសិទ្ធភាព ជាកម្លាំងផលិតកម្មយ៉ាងសំខាន់ នៃការជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ។
សិក្ខាសាលានេះក៏ជាផ្នែកមួយ នៃផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិ ស្តីពី ការប្រឆាំងការប្រើប្រាស់ សារធាតុដូប៉ាក្នុងវិស័យកីឡា ដើម្បីចូលរួមអនុវត្តអនុសញ្ញានេះ ទាមទារការចូលរួម ពីអ្នកទាំងអស់ជាសិក្ខាកាម និងជាភាគីពាក់ព័ន្ធយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកទប់ស្កាត់ ការប្រើប្រាស់សារធាតុដូប៉ា ដែលជាសារធាតុហាមឃាត់ ដោយទីភ្នាក់ងារប្រឆាំង ដូប៉ាពិភពលោក (WADA) ព្រោះការប្រើប្រាស់ដូប៉ា ឬជាមធ្យោបាយទុច្ចរឹត ក្នុងគោលបំណងបង្កើនគុណផល កីឡារបស់អត្តពលិក ដើម្បីឈានទៅដល់ការឈ្នះមេដាយ។
លោក អ៊ុក សិទ្ធិជាតិបានបន្ថែមថា ការប្រើប្រាស់សារធាតុ ដូប៉ាអាចធ្វើឲ្យមានគ្រោះថ្នាក់ ដល់គោលការណ៍ក្រមសីសធម៌ សុច្ចរឹតភាព Fair Play និងតម្លៃអប់រំ ដែលមានចែង ក្នុងអនុសញ្ញាអន្តរជាតិ ហើយគុណផលដែលទទួលបាន គឺជាការក្លែងបន្លំបោកប្រាស់ ផ្ទុយពីគោលការណ៏ Fair Play និងបទបញ្ជានៃការប្រកួតអន្តរជាតិ។ ហើយរដ្ឋជាភាគីនីមួយៗ មានភារកិច្ច និងកាតព្វកិច្ចចាំបាច់ចំពោះការ កសាងសមត្ថភាពដល់មន្ត្រី ក្នុងការអនុវត្តកម្មវិធីប្រឆាំង នឹងការប្រើប្រាស់សារធាតុដូប៉ា ជាពិសេសទាមទារ មានការចូលរួមគាំទ្រ ពីអាជ្ញាធរសាធារណៈ និងអង្គការជាតិ អន្តរជាតិនានា ដែលទទួលបន្ទុកលើវិស័យកីឡា មានការទទួលខុសត្រូវបន្ថែម ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំង នឹងការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា៕ ដោយ៖លី ភីលីព