កីឡា

កម្ពុជា ប៉ះមីយ៉ាន់ម៉ា ដណ្ដើមលេខ៣ នៃពាន BTV Cup ល្ងាចនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U20 មីយ៉ាន់ម៉ា ដណ្ដើមចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់មិត្តភាពអន្ដរជាតិ U20 BTV Cup 2019 វេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម ។

នេះគឺជាការប្រកួតមួយគួរឲ្យចាប់អារម្មណ៍ ដ្បិតត្រូវបានអ្នកគាំទ្រចាត់ទុកជារឿងគាប់ជួន ដែលក្រុមទាំងពីរ ត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ស្របពេលកាលពីពេលថ្មីៗ ក្រុមជម្រើសជាតិ U22 កម្ពុជា និងមីយ៉ាន់ម៉ា ក៏បានជួបគ្នាក្នុងវគ្គដណ្ដើមលេខ៣ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីនផងដែរ ។

គួរបញ្ជាក់ថា ការជួបគ្នារវាងក្រុម U20 កម្ពុជា និងមីយ៉ាន់ម៉ាល្ងាចនេះ គឺបន្ទាប់ពីក្រុមទាំងពីរ បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះរៀងៗខ្លួន កាលពីថ្មីៗ ក្នុងនោះក្រុម U20 កម្ពុជា បានចាញ់ក្រុម U20 វៀតណាម ៣-០ ។ ឯក្រុម U20 មីយ៉ាន់ម៉ា បានចាញ់ក្រុម Becamex Binh Duong ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ៣-៣ ។

ដោយផ្អែកលើរូបមន្ដឈ្នះ ប៉ះឈ្នះ និងចាញ់ ប៉ះចាញ់ ព្រោះមានត្រឹម ៤ក្រុមចូលរួម ហេតុនេះ U20 កម្ពុជា ត្រូវប៉ះ U20 មីយ៉ាន់ម៉ា ដើម្បីដណ្ដើមលេខ៣ ។ ចំណែកក្រុមម្ចាស់ផ្ទះ ២ ក្រុម គឺក្រុម Becamex Binh Duong ត្រូវជួបក្រុម U20 វៀតណាម ដើម្បីដណ្ដើមជើងឯក នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ស្អែក ៕

Most Popular

To Top