ព្រឹត្តិការណ៍

រដ្ឋមន្រ្តីការពារជាតិអាមេរិកថា ត្រូវតែនិយាយជាមួយតួកគី រឿងគំរាមបិទមូលដ្ឋានទ័ពរបស់ខ្លួន

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា លោកចាំបាច់ត្រូវនិយាយជាមួយសមភាគីការពារប្រទេសតួកគីរបស់លោក ដើម្បីកំណត់ភាពធ្ងន់ធ្ងរនៃការលើកឡើងថ្មីៗនៅក្នុងប្រទេសតួកគីទាក់ទងនឹងការបិទមូលដ្ឋានទ័ពអាមេរិក និងមូលដ្ឋានរបស់អង្គការណាតូ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Esper បានប្រាប់អ្នកយកព័ត៌មានថា « ខ្ញុំត្រូវនិយាយជាមួយសមភាគីការពារជាតិរបស់ខ្ញុំដើម្បីយល់ពីអត្ថន័យរបស់ពួកគេ និងថាតើវាធ្ងន់ធ្ងរកម្រិតប៉ុណ្ណា»។

រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះ បានបន្តថា លោកនឹងត្រូវពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូ ពីលទ្ធភាពរបស់ប្រទេសតួកគីដែលបិទប្រព័ន្ធរ៉ាដា Kurelik ដែលជាកម្មសិទ្ធិនិងប្រតិបត្តិការដោយសម្ព័ន្ធមិត្ត។ ក្នុងពេលជាមួយគ្នានោះដែរ លោក Esper ក៏បានបដិសេធមិនឆ្លើយសំណួរអំពីអាវុធនុយក្លេអ៊ែរនៅមូលដ្ឋានអាកាសអាមេរិក Incirlik ។

យ៉ាងណាក៏ដោយ លោក Esper បានទទួលស្គាល់សិទ្ធិរបស់តួកគីក្នុងការធ្វើជាម្ចាស់ផ្ទះ និងបដិសេធវត្តមានយោធាបរទេសជាយុទ្ធសាស្ត្រនៅក្នុងប្រទេស៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top