គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្តេជ្ញា កាលពីថ្ងៃអង្គារថា នឹងស្តារការគ្រប់គ្រង របស់អ៊ុយក្រែន ឡើងវិញនៅលើ ឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី បានដាក់ជាចំណាត់ ការមួយ ដែលលោកបានថ្លែងថា នឹងជួយបង្កើត “ច្បាប់ និងសណ្តាប់ធ្នាប់ពិភពលោក” ឡើងវិញ ។
លោកបានប្រាប់ដល់ សន្និសីទអន្តរជាតិមួយស្តីពីគ្រីមៀ ថា ការដណ្តើមយកបានមកវិញនូវឧបទ្វីបនេះ ដែលរុស្សីបានរឹបអូស និងបញ្ចូលជាឧបទ្វីប ក្នុងឆ្នាំ២០១៤ នៅក្នុងចលនាមួយដែលមិនមានការទទួលស្គាល់ ដោយប្រទេសផ្សេងទៀតភាគច្រើន នឹងក្លាយជា “ដំណាក់កាលប្រឆាំងសង្រ្គាមដ៏ធំបំផុត” ។
លោក Zelenskyy បានថ្លែងនៅក្នុងសុន្ទរកថា បើកទៅកាន់វេទិកា គ្រីមៀ ថា “រឿងទាំងអស់បានចាប់ផ្តើមជាមួយ គ្រីមៀ ហើយវានឹងបញ្ចប់ដោយ គ្រីមៀ “ ។
ដោយអំពាវនាវឱ្យមាន ជ័យជម្នះលើរុស្ស៊ី លោកបានថ្លែងថា “វាចាំបាច់ក្នុងការរំដោះគ្រីមៀ ពីការកាន់កាប់ … នេះនឹងជាការរស់ឡើងវិញនៃច្បាប់ និងសណ្តាប់ធ្នាប់ពិភពលោក” ។
លោក Zelenskyy បានថ្លែងថា តំណាងរដ្ឋប្រហែល៦០ និងអង្គការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ រួមទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រហែល៤០នាក់ ។
ស្ទើរតែទាំងអស់ បានចូលរួមតាមអ៊ីនធឺណិត ប៉ុន្តែប្រធានាធិបតីប៉ូឡូញ Andrzej Duda បានចូលរួមដោយផ្ទាល់ ។ លោកបានជំរុញ ដល់មេដឹកនាំពិភពលោក កុំឲ្យមើលរំលង ចំពោះអ្វីដែលលោកពណ៌នាថា ជាការឈ្លានពានរបស់រុស្ស៊ី ហើយលោកបានថ្លែងថា មិនអាចមានការវិល ត្រឡប់ទៅរកជំនួញ ដូចធម្មតាជាមួយក្រុងម៉ូស្គូនោះទេ ។
លោក Duda បានថ្លែងថា “គ្រីមៀគឺនៅដដែល ហើយនឹងក្លាយជាផ្នែកមួយ របស់អ៊ុយក្រែន ដូច Gdansk ជាផ្នែកមួយនៃប្រទេសប៉ូឡូញ ហើយ Nice ជាផ្នែកមួយនៃប្រទេសបារាំង Cologne ជាផ្នែកមួយនៃប្រទេសអាឡឺម៉ង់ ហើយ Rotterdam គឺជាផ្នែកនៃប្រទេសហូឡង់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា