ជាយូរណាស់មកហើយ ដែលមានការរិះគន់ ជាបន្តបន្ទាប់ពីរូបដំរី នៅលើក្រដាសប្រាក់១០០០រូពី របស់ប្រទេសនេប៉ាល់ ដែលផលិតចាប់តាំងពីឆ្នាំ១៩៨២មកម៉្លេះ។ មូលហេតុព្រោះនៅលើក្រដាសប្រាក់នេះ បែរជាដាក់តាំងបង្ហាញពីរូបដំរី ដែលមិនមែនមានដើមកំណើតនៅលើទឹកដីនេប៉ាល់នោះឡើយ ។
បើតាមពិតទៅ រូបដំរី១ក្បាលនៅលើក្រដាសប្រាក់១០០០រូពី របស់នេប៉ាល់ គឺជាដំរីអាហ្វ្រិក នេះបើតាមការពិនិត្យឲ្យជាក់លាក់ ពីអ្នកជំនាញផ្នែកសត្វព្រៃ។ ផ្អែកលើមូលហេតុនេះហើយ ទើបនៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១២ នេប៉ាល់បានសម្រេចបង្កើតគណៈកម្មាធិការកំណត់សម្គាល់ និងរចនាកាក់ប្រាក់ នៃធនាគារកណ្ដាលនេប៉ាល់ Rastra ដើម្បីពិចារណាលើការផ្លាស់ប្ដូររូបថ្មីសម្រាប់ក្រដាសប្រាក់១០០០រូពី។
លោក Megh Bahadur Pandey តំណាងឲ្យនាយកដ្ឋានឧទ្យានជាតិ និងអភិរក្សសត្វព្រៃនេប៉ាល់ បានធ្វើការជំទាស់ដាច់ខាតចំពោះការប្រើប្រាស់រូបភាពសត្វព្រៃបរទេស នៅលើក្រដាសប្រាក់ជាតិរបស់ខ្លួន។ សមាជិកនៃគណៈកម្មាធិការថ្មីខាងលើ ក៏យល់ស្របជាមួយមតិលោក Pandey ហើយក៏បោះឆ្នោតសម្រេច ប្រើប្រាស់រូបភាពថ្មី។
លោក Pandey បានជួលអ្នកថតរូបម្នាក់ ក្នុងការផ្ដិតយករូបសត្វដំរីថ្មី។ ជាចុងក្រោយ ពួកគេបានជ្រើសយករូបដំរីភ្លោះ២ក្បាល ឈ្មោះ Ram និង Lakshman ដែលកើតនៅតំបន់ឧទ្យានជាតិ Chitwan នាឆ្នាំ២០០៩ មកធ្វើជារូបតាំងបង្ហាញ លើក្រដាសប្រាក់១០០០រូពី។ ដំណើរការផ្លាស់ប្ដូរនេះទម្រាំ បានចេញជាផ្លែផ្កាគឺចំណាយពេលអស់៨ឆ្នាំឯណោះ ពោលគឺក្រដាសប្រាក់ ១០០០រូពីថ្មីទើបផលិតហើយចរាចរ នៅពាក់កណ្ដាលឆ្នាំ២០២០នេះទេ៕ Source: Sabay