ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ ស៊ុយអែត និងតួកគី រៀបចំកិច្ចពិភាក្សា ផ្អែកលើយន្តការលើកទី១ ជុំវិញការចូលជាសមាជិករបស់ណាតូ

អង់ការ៉ា ៖ យន្តការ រួម អចិន្ត្រៃយ៍ របស់ ប្រទេស ៣ រវាង តួកគី ហ្វាំងឡង់ និង ស៊ុយអែត បានប្រជុំជាលើកដំបូង នៅទីក្រុង Vantaa ក្នុងភាគខាងត្បូង ប្រទេស ហ្វាំងឡង់ កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

យោងតាមការចេញផ្សាយដោយក្រសួងការបរទេសហ្វាំងឡង់ ការប្រមូលផ្តុំដំបូង នៃយន្តការនេះរួមមានអ្នក ជំនាញមកពីក្រសួងការបរទេស មហាផ្ទៃ យុត្តិធម៌ និងការពារជាតិ រដ្ឋបាលប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ព្រមទាំងសេវាកម្មចារកម្ម នៃប្រទេសទាំង៣ ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា “អ្នកចូលរួមបានពិភាក្សាអំពីជំហានជាក់ស្តែង ដើម្បីអនុវត្តអនុស្សរណៈត្រីភាគី ហើយបានឯកភាពថា យន្តការនេះនឹងបន្តជួបប្រជុំគ្នា នៅកម្រិតអ្នកជំនាញក្នុងអំឡុងរដូវស្លឹកឈើជ្រុះ”។

នៅក្នុងអនុស្សរណៈត្រីភាគី ដែលបានចុះហត្ថលេខានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្នុងខែមិថុនា ឆ្នាំ២០២២ ប្រទេសតួកគី ហ្វាំងឡង់ និងស៊ុយអែត បានព្រមព្រៀងគ្នា ក្នុងការបង្កើតយន្តការរួមអចិន្ត្រៃយ៍ ដើម្បីតាមដានការអនុវត្តអនុស្សរណៈនេះ និងបង្កើនកិច្ចសហប្រតិបត្តិការ លើសន្តិសុខរួម។

កិច្ចប្រជុំនេះបានកត់ សម្គាល់ការ ពិគ្រោះយោបល់កម្រិតមន្ត្រីរាជការ ជាលើកដំបូងលើការអនុវត្ត ឯកសារត្រីភាគី ដែលរាយការណ៍ដោយ ទូរទស្សន៍ហ្វាំងឡង់ Yle ។

រហូតមកដល់ពេលនេះ ប្រទេសចំនួន ២៣ ក្នុងចំណោម ប្រទេសចំនួន ៣០ របស់អង្គការណាតូ បានផ្តល់សច្ចាប័ន លើពាក្យសុំចូល ជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែត ខណៈដែលតួកគី គឺជាសមាជិកតែមួយគត់ ដែលបានសម្តែងការប្រឆាំង យ៉ាងខ្លាំង ចំពោះប្រទេស Nordic ទាំងពីរដែលចូលរួមសម្ព័ន្ធភាព ឬការទទួលយកសមាជិកភាពនៃ Nordics ទាំងពីរនៅក្នុងអង្គការណាតូ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top