ភ្នំពេញ៖ លោក ផេន បូទី ជាតារាចម្រៀង និងអ្នកនិពន្ធ មួយរូបបានសម្រេចចិត្តដឹកដៃគូ ស្នេហ៍ជាជនជាតិអូទ្រីស ឈ្មោះ សន្យា រៀបការតាមប្រពៃណី គ្រិស្តសាសនា ហើយនៅលើទឹកដីកំណើតរបស់ភរិយាលោក ក្រោយពីអ្នកទាំងពីរ ស្រលាញ់គ្នា១០ឆ្នាំ។
មហាជនបានជ្រាបមកហើយថា លោក បូទី មានគូស្នេហ៍ជាជនបរទេសដ៏ស្រស់ស្អាតម្នាក់ មានកំណើត នៅប្រទេសអូទ្រើស។ ថ្វីដ្បិតថាគូស្នេហ៍លោក បូទី ជាជនជាតិបរទេសមែនពិត តែ អ្នកនាង សន្យា ចេះនិយាយភាសាខ្មែរយ៉ាងល្អ ព្រោះនាងខិតខំរៀនពីភាសាកំណើតរបស់គូស្នេហ៍។
រយៈពេល១០ឆ្នាំ ក្នុងនាមជាគូស្នេហ៍ឆ្លងវេហាស៍ ទីបំផុតលោក បូទី និង សន្យា បានសម្រេចចិត្តរៀបការជាមួយគ្នាតាមបែបគ្រិស្តសាសនាហើយ។ នេះបើតាមរូបភាពដែលអ្នកទាំងពីរបង្ហោះកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយពិធីមង្គលការអ្នកទាំងពីររៀបចំតាមបែបលក្ខណៈគ្រួសារ នៅលើទឹកដីកំណើតរបស់ សន្យា ដែលពោរពេញដោយ សុភមង្គលជាមួយក្រុមគ្រួសារ។
គួរឱ្យដឹងផងដែរថា លោក ផេន បូទី ធ្លាប់មានប្រវត្តិតស៊ូខ្លាំងនៅក្នុងអាជីពសិល្បៈ ដោយចាប់ផ្ដើមពីអ្នកលេងហ្គីតា តែងបទចម្រៀងមិនចម្លងគេ (Original Song) ។ ប៉ុន្តែដំបូងៗលោកហាក់ដូចជាមិនទទួលបានប្រជាប្រិយភាពឡើយ រហូតមានឱកាសបានបោះជំហ៊ានចូលក្នុងផលិតកម្មសាន់ដេ ក៏បានវិវឌ្ឍខ្លួនជាអ្នកនិពន្ធបទភ្លេងផង និងជាតារាចម្រៀងផង ហើយក៏ទទួលបានជោគជ័យខ្លាំងអាជីព រួមទាំងរឿងស្នេហាផងនោះ លោក ផេង ប៊ូទី ពុំដែលលេចឮព័ត៌មានអាស្រូវណាសមួយឡើយ ពោលគឺមិត្តស្រីបណ្ដូលចិត្តជនជាតិអូទ្រីសរបស់លោកម្នាក់នេះ តែងតែនៅក្បែរជួយជ្រោមជ្រែងទាំងការងារ និងកម្លាំងចិត្ត ជាក់ស្ដែងកន្លងមកគេទាំងពីរនាក់បង្ហាញសុទ្ធតែសកម្មភាពផ្អែមល្ហែមល្អូកល្អិនជាមួយគ្នាជានិច្ច ៕ ដោយៈ ម៉ានី