បរទេស៖ សហរដ្ឋអាមេរិកកំពុងរៀបចំ បញ្ចេញមូលនិធិពាក់កណ្តាល នៃទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ នៃធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលរឹបអូស ហើយផ្ទេរវាទៅធនាគារ នៅប្រទេសស្វីស សម្រាប់ការទូទាត់បន្ថែម។ ចំណែកក្រុមតាលីបង់វិញ គឺបានទាមទារប្រាក់នេះ ឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការត្រៀមបញ្ចេញថវិកានេះ ត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានបញ្ជាក់ថា ទឹកប្រាក់ចំនួន ៣,៥ពាន់លានដុល្លារនឹងត្រូវដាក់នៅក្នុងអ្វីដែលគេហៅថា ‘មូលនិធិអាហ្វហ្គានីស្ថាន’ ដែលបង្កើតឡើងនៅធនាគារស្វីស សម្រាប់ការទូទាត់ជាអន្តរជាតិ ហើយមូលនិធិនេះនឹងត្រូវប្រើប្រាស់ ដើម្បីជំរុញស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច របស់ប្រទេសអាហ្វហ្គានីស្ថាន។ តាមរយៈការបង់ថ្លៃទំនិញ ដូចជាការនាំចូលអគ្គិសនី និងការរ៉ាប់រងការជំពាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត អ្នកតំណាងពីររូបនៃរតនាគារ ដែលបាននិយាយជាមួយអ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានពន្យល់ថា គោលបំណងសំខាន់ នៃការផ្លាស់ប្តូរនេះ គឺដើម្បីការពាររបបតាលីបង់ ពីការទទួលបានប្រាក់ ដែលត្រូវបានរឹបអូសបន្ទាប់ពីមាន ការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានកាលពីឆ្នាំមុន៕ ប្រែសម្រួលៈ ណៃ តុលា