ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវការបាញ់ផ្លោងនៅតំបន់រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) របស់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រី ការបរទេសបារាំង លោកស្រី Catherine Colonna កាលពីថ្ងៃចន្ទ ។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Lavrov និងលោកស្រី Colonna បានពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន ដោយផ្តោតជាពិសេសលើសារៈសំខាន់ នៃការធានាសុវត្ថិភាព នៃរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia NPP ។
ប្រភពព័ត៌មានបានឲ្យដឹងដា “លោក Lavrov បានកត់សម្គាល់ថា របបទីក្រុងគៀវ បានបន្តប្រើប្រាស់ អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដើម្បីវាយលុកវត្ថុស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធរួមទាំងរោងចក្រ Zaporizhzhia NPP ដោយបន្ថែមថា នេះបានបង្កើនហានិភ័យ នៃគ្រោះមហន្តរាយនុយក្លេអ៊ែរ” ។
ក្រសួងបានបន្ថែមថា “ភាគីរុស្ស៊ី បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការបញ្ឈប់ជាបន្ទាន់ និងពេញលេញ នៃការបាញ់ផ្លោង” នៅក្នុងតំបន់នៃរោងចក្រនេះ ហើយបានអំពាវនាវ ឱ្យមានការស៊ើបអង្កេតលើការវាយប្រហារ ដោយចេតនាសំដៅលើរោងចក្រនេះ ៕