ព័ត៌មានអន្តរជាតិ

Update ៖ លោក ពូទីន បញ្ជាឲ្យរដ្ឋាភិបាល របស់គាត់គ្រប់គ្រង លើរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia

ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឱ្យរដ្ឋាភិបាល របស់គាត់ឲ្យគ្រប់គ្រង លើរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលជារោងចក្រ ថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុត របស់អឺរ៉ុប ខណៈដែលអ្នកឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានព្រមានថា ការផ្គត់ផ្គង់ថាមពលដល់ទីតាំងនេះគឺ “ផុយស្រួយខ្លាំង” ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានទីភ្នាក់ងារ ថាមពលរដ្ឋ របស់អ៊ុយក្រែន បានប្រកាសថា គាត់កំពុងកាន់កាប់រោងចក្រនេះ ដែលបានក្លាយជាការ ផ្តោតអារម្មណ៍ នៃការព្រួយបារម្ភ របស់អន្តរជាតិ ដោយសារតែលទ្ធភាព នៃគ្រោះមហន្តរាយ នុយក្លេអ៊ែរ បន្ទាប់ពីការបាញ់ផ្លោង នៅក្នុងតំបន់ ដែលទីក្រុងម៉ូស្គូ និងទីក្រុងគៀវ បានស្តីបន្ទោសដាក់គ្នា ទៅវិញទៅមក ។

រុស្ស៊ី បានដណ្តើមយករោងចក្រ ថាមពល នុយក្លេអ៊ែរ Zaporizhzhia (ZNPP) កាលពីខែមីនា ភ្លាមៗ បន្ទាប់ពីបានលុកលុយអ៊ុយក្រែន ប៉ុន្តែបុគ្គលិក អ៊ុយក្រែន បានបន្តប្រតិបត្តិការ រោងចក្រនេះ ។

រោងចក្រនេះមានទីតាំង នៅភាគខាងត្បូង អ៊ុយក្រែន ដែលត្រូវបានគេហៅថា Zaporizhzhia ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ចំនួន ៤ ដែលប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធនៅក្នុងទង្វើមួយ ដែលត្រូវបានថ្កោលទោស ដោយទីក្រុង គៀវ ថាជាការរំលោភយកដីខុសច្បាប់ ។

ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សំដីអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Vershinin ថា “រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ឥឡូវនេះស្ថិតនៅលើទឹកដី នៃសហព័ន្ធរុស្ស៊ី ហើយតាមនោះ គួរតែត្រូវបានដំណើរការក្រោមការ ត្រួតពិនិត្យរបស់ភ្នាក់ងារ ពាក់ព័ន្ធរបស់យើង” ។

ក្រោយមកលោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលបានកំណត់ ZNPP “ទ្រព្យសម្បត្តិសហព័ន្ធ” ។

ប្រតិបត្តិករថាមពល នុយក្លេអ៊ែររបស់រុស្ស៊ី Rosenergoatom បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការវាយតម្លៃ អំពីរបៀបជួសជុលការខូចខាត និងផ្ទេរបុគ្គលិកអ៊ុយក្រែន ដែលមានស្រាប់ទាំងអស់ ទៅកាន់អង្គការ ដែលគ្រប់គ្រងដោយរុស្ស៊ី ៕

Most Popular

To Top