បរទេស៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទថា សហរដ្ឋអាមេរិកគ្រោងនឹងផ្គត់ផ្គង់ ដល់ប្រទេសអ៊ុយក្រែន ជាមួយនឹងក្រុមទីមួយនៃប្រព័ន្ធមីស៊ីល លើផ្ទៃទៅអាកាសកម្រិតខ្ពស់ (NASAMS) ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសន្យាពង្រឹងសមត្ថភាពការពារដែនអាកាស របស់ក្រុងគៀវ បន្ទាប់ពីរុស្ស៊ីបានបាញ់ផ្លោងមីស៊ីល លើគោលដៅយោធាអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពល កាលពីសប្តាហ៍មុន ជុំវិញអ្វីដែលខ្លួនហៅថាជា «ការវាយប្រហារភេរវកម្ម» លើស្ពានគ្រីមៀជាយុទ្ធសាស្ត្រ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា ទីក្រុងគៀវ នឹងទទួលបានប្រព័ន្ធការពារដែនអាកាស NASAMS ដើម្បីទប់ទល់នឹងការវាយប្រហារ របស់រុស្ស៊ីនាពេលខាងមុខនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន មន្ត្រីជាន់ខ្ពស់មន្ទីរប៉ង់តាហ្គោនម្នាក់ ដែលមិនបញ្ចេញឈ្មោះបាននិយាយថា សហរដ្ឋអាមេរិកកំពុងសម្លឹងរកការព្យាយាម ដើម្បីទទួលបាន NASAMS ដំបូងចូលទៅក្នុងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយបន្ថែមថា ខ្លួនបានផ្តល់ឲ្យទីក្រុងគៀវ នូវប្រព័ន្ធការពារដែនអាកាស បាញ់ចេញពីលើស្នា Stinger ជាង ១ ៤០០ គ្រឿងរួចជាស្រេច។
លោកបានបន្តថា សហរដ្ឋអាមេរិកជឿជាក់ថា ការប្រគល់ទាំងនេះ ទៅឲ្យអ៊ុយក្រែន «បន្តជាតំបន់នៃការសង្កត់ធ្ងន់» សម្រាប់ប្រទេសលោកខាងលិច។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងពន្លឿនការដឹកជញ្ជូន ២ក្នុងចំណោម ៨ របស់ NASAMS ដែលខ្លួនបានសន្យាជាយូរមកហើយ ទៅកាន់ទីក្រុងគៀវ៕ ប្រែសម្រួលៈ ណៃ តុលា