បរទេស: The Bloomberg នៅថ្ងៃសុក្រទី២០ខែធ្នូនេះ បានឲ្យដឹងថាគណៈរដ្ឋមន្រ្តីជប៉ុនបានធ្វើការអនុម័តចុងក្រោយមួយ ទៅលើកញ្ចប់ថវិកា ការពារជាតិចំនួនប្រមាណជា៥,៣ពាន់ពាន់លានយេនឬ ប្រមាណជា ៤៨,៥ ពាន់លានដុល្លារពោល គឺកើនឡើងប្រមាណជា១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈពេលមានការគំរាមកំហែង ជាថ្មីពីប្រទេសជិតខាងកូរ៉េខាងជើងជាដើម។
ក្នុងចំណោមឯកសារ ដែលមាននៅក្នុងបញ្ជីទិញទំនិញ របស់ប្រទេសគឺ១១,១ ពាន់លានយ៉េនសម្រាប់ការអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់ថ្មីនេះ បើយោងតាមឯកសារដែលចែកចាយដោយក្រសួងការពារជាតិ។ ទឹកប្រាក់សរុបនេះក៏រាប់បញ្ចូល ២៨,១ ពាន់លានយ៉េនសម្រាប់យន្តហោះចម្បាំង Lockheed Martin F-35A ចំនួន ៣ គ្រឿងផងដែរ។
ក្នុងនោះផងដែររដ្ឋាភិបាលក៏នឹងរក្សាទុកថវិកា ប្រមាណជា ២០០,៥ ពាន់លានយ៉េនក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកយោធា សហរដ្ឋអាមេរិកប្រមាណ ៥០០០០ នាក់ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។
កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្តីពីការគាំទ្រប្រទេសម្ចាស់ផ្ទះនឹងផុតកំណត់នៅខែមីនាឆ្នាំ២០២១ហើយលោកប្រធានាធិបតី ដូណាល់ត្រាំ កំពុងបង្កើនការចូលរួមចំណែក ដែលរបាយការណ៍ខ្លះនិយាយថា នឹងកើនឡើងដល់៤ដង៕
ប្រែសម្រួល:ស៊ុនលី