លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា នាបានអញ្ជើញពិនិត្យមើល ការរៀបចំ ជួសជួលឡើងវិញ កន្លែងធ្វើការងាររបស់អគ្គលេខាធិការ រួមទាំងកន្លែងហ្វត់ហាត់របស់កីឡាកផងដែរ ដោយសារតែពេលនេះមានលក្ខណៈទ្រុឌទ្រោម។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍ថ ជាមួយគ្នានេះលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ក៏បានណែនាំអគ្គនាយកក្រុមហ៊ុនចិន និងអតីតសមាគមវាយកូនឃ្លីលើតុ របស់ខេត្ត គួន មីន ប្រទេសចិន មកមើលកន្លែងហ្វឹកហាត់ និងសុំឲ្យជួយដល់កីឡាករវាយកូនឃ្លីលើតុកម្ពុជា។
លោកបានបន្តថា តាមសំណូមពររបស់ ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា អគ្គនាយកក្រុមហ៊ុនចិន និងអតីតសមាគមវាយកូនឃ្លីលើតុ របស់ខេត្ត គួន មីន បានប្រកាសជួយតុ ៥ឈុត, កៅអីអាជ្ញាកណ្តាល ០៥ និងសម្ភារការិយាល័យ និងបន្ទប់សម្រាប់កីឡាករ រួមទាំងសន្យាជួយទំនាក់ទំនងទៅខេត្ត យូ ណាន ដើម្បីយកគ្រូមកបង្ហាត់ដល់កីឡាករកម្ពុជា និងជួយសុំអាហារូបករណ៍ យកកីឡាករកម្ពុជា ទៅហាត់នៅខេត្ត យូ ណាន ប្រទេសចិន ផងដែរ៕ដោយ៖លី ភីលីព