បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ការដាក់ពង្រាយកងទ័ពអាមេរិក នៅក្នុងប្រទេសរូម៉ានី បានបង្កើនហានិភ័យ សម្រាប់សន្តិសុខរបស់រុស្ស៊ី ហើយនឹងជំរុញឱ្យទីក្រុងម៉ូស្គូ ចាត់វិធានការតបតវិញ ។ លោកបាននិយាយសំដៅ ទៅកងពលធំទ័ពអាកាសទី ១០១ របស់កងទ័ពអាមេរិក ដែលបច្ចុប្បន្នកំពុងឈរជើង ក្នុងប្រទេសរ៉ូម៉ានី ជាប់ព្រំដែនអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Peskov បានកត់សម្គាល់ថា “កងទ័ពអាមេរិកកាន់តែខិត ទៅជិតព្រំដែនរបស់យើង គ្រោះថ្នាក់កាន់តែធំដែលយើងកំពុងស្ថិតនៅ” ។ លោកបានបន្តថា មានកត្តាជាច្រើនសម្រាប់ក្រុងម៉ូស្គូ ក្នុងវត្តមានយោធាបែបនេះ នៅពេលបង្កើតក្របខ័ណ្ឌ សន្តិសុខរបស់ខ្លួន។
លោក Peskov បានរំលឹកឡើងវិញថា ការដាក់ពង្រាយបែបនេះនៅលើមាត់ទ្វាររបស់រុស្ស៊ី “មិនរួមចំណែកដល់ការព្យាករណ៍ និងបង្កើតស្ថិរភាពនោះទេ” ។
កាលពីសប្តាហ៍មុន ដោយនិយាយទៅកាន់ CBS News មេបញ្ជាការកងពលធំ ទ័ពអាកាសទី 101 បាននិយាយថា ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការ ចូលអ៊ុយក្រែននោះទេ ប្រសិនបើជម្លោះដោយផ្ទាល់ផ្ទុះឡើងរវាងរុស្ស៊ី និងណាតូ ។
ជាសរុបទាហានអាមេរិកប្រហែល ៤ ៧០០ នាក់មកពីកងពលធំទ័ពអាកាសទី101 ត្រូវបានបញ្ជូនទៅអឺរ៉ុប។ ខណៈពេលដែលនៅក្នុងប្រទេសរ៉ូម៉ានី កងពលដែលត្រូវបានដាក់ ឈ្មោះហៅក្រៅថា “Screaming Eagles” កំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងវាយប្រហារតាមផ្លូវអាកាស ជាមួយសមភាគីណាតូ របស់ពួកគេ៕