ជម្រើសជាតិព័រទុយហ្គាល់មិនដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រឡើយ ចាប់តាំងពីឈានជើងចូលលេងព្រឹត្តិការណ៍ World Cup។ ពួកគេធ្លាប់ធ្វើបានល្អបំផុតត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះកាលពីជាង៥០ឆ្នាំមុនពេលដែលអង់គ្លេសរៀបចំធ្វើជាម្ចាស់ផ្ទះ។
ក្នុងវគ្គជម្រុះ World Cup នៅតំបន់អឺរ៉ុប (UEFA) ព័រទុយហ្គាល់បានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងពូល A ក្រោមក្រុមកំពូលតារាងស៊ែប៊ី៣ពិន្ទុ ដូច្នេះពួកគេត្រូវលេង Play-off មួយជុំទៀត។ ក្នុងការលេង Play-off ដែលមាន៤ក្រុម ប្រកួតទីមួយព័រទុយហ្គាល់បានយកឈ្នះទួរគី ៣-១ ឡើងទៅប៉ះម៉ាសេដូនខាងជើងដែលបានយកឈ្នះអ៊ីតាលី ១-០។
មិនពិបាកពេកឡើយប្រកួតផ្ដាច់ព្រ័ត្រ ព័រទុយហ្គាល់បានយកឈ្នះម៉ាសេដូនខាងជើង ២-០ ទទួលបានកៅអីឡើងទៅលេង World Cup ក្នុងប្រទេសកាតា។
ប្រវត្តិក្នុង World Cup
ព័រទុយហ្គាល់ធ្លាប់ឡើងមកលេងនៅ World Cup ៧ដងគត់ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយលើកដំបូងក្នុងឆ្នាំ១៩៦៦ ដែលជាពេលពួកគេដណ្ដើមបានចំណាត់ថ្នាក់លេខ៣។ បន្ទាប់ពីឆ្នាំនោះមកពួកគេហាក់មិនសូវធ្វើបានល្អឡើយ ភាគច្រើនធ្លាក់នៅវគ្គចែកពូលនិង១៦ក្រុមចុងក្រោយ។
អំឡុងពេល World Cup ចុងក្រោយនៅប្រទេសរុស្សី ព័រទុយហ្គាល់បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយសារប្រទេសមកពីតំបន់អាមេរិកខាងត្បូងអ៊ុយរុយហ្គាយលទ្ធផល ២-០ ហើយកាលនោះ Edinson Cavani ជាអ្នកធ្វើបានទាំងពីរគ្រាប់។
កីឡាករសំខាន់
ប្រធានក្រុម Cristiano Ronaldo នៅតែបន្តជាកម្លាំងសំខាន់ក្នុងជម្រើសជាតិព័រទុយហ្គាល់ត្បិតបច្ចុប្បន្នមានវ័យ៣៧ឆ្នាំក្ដី។ កីឡាកររបស់ក្លឹប Machester United រូបនេះមានបទពិសោធន៍ច្រើនក្នុងព្រឹត្តិការណ៍ World Cup ដោយធ្លាប់ចូលលេង៤ដងរួចមកហើយក្នុងឆ្នាំ២០០៦ ២០១០ ២០១៤និង២០១៨។
Ronaldo បច្ចុប្បន្នកំពុងកាន់កំណត់ត្រាក្នុងជម្រើសជាតិជាកីឡាករបង្ហាញខ្លួនបានច្រើនបំផុត១៩១ប្រកួត និងរកគ្រាប់បាល់បានច្រើនជាងគេ១១៧គ្រាប់។ គេធ្លាប់បានជួយព័រទុយហ្គាល់សាងប្រវត្តិសាស្ត្រលើកពាន Euro ជាលើកដំបូងកាលពីឆ្នាំ២០១៦ ដែលបារាំងធ្វើជាម្ចាស់ផ្ទះ។
ឯកសណ្ឋាន
វាជាលើកដំបូងដែលព័រទុយហ្គាល់ច្នៃអាវមាន២ ពណ៌លាយគ្នាសម្រាប់អាវក្នុងដីឆ្នាំ២០២២ ដោយមានពណ៌បៃតងចាស់និងក្រហមក្រមៅដូចទៅនឹងពណ៌ទង់ជាតិរបស់ពួកគេ។ ឡូហ្គោ Nike នៅតែជាពណ៌មាសដោយក្រុមហ៊ុនចង់អបអរខួប២៥ឆ្នាំនៃក្នុងនាមជាអ្នកផ្គត់ផ្គង់ជម្រើសជាតិព័រទុយហ្គាល់។ ចំណែកអាវក្រៅដីមានពណ៌ស លាយឆ្នូតបៃតងនិងក្រហមនៅលើទ្រូង៕