ញូវយ៉ក៖ ក្រុមហ៊ុន Twitter បានកាត់បន្ថយកម្លាំងពលកម្ម ជាសកលរបស់ខ្លួនពាក់កណ្តាល ដោយបង្ហាញពីការចាប់ផ្តើមដ៏គួរឱ្យព្រួយបារម្ភ ចំពោះពេលវេលារបស់លោក Elon Musk ក្នុងការដឹកនាំរបស់ខ្លួន និងបង្កឱ្យមានការប្តឹងផ្តល់ ពីបុគ្គលិកមួយចំនួន ខណៈដែលភាពមិនច្បាស់លាស់ នៅតែបន្តកើតមាន ចំពោះរបៀបដែលបុគ្គល ដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេលើពិភពលោករូបនេះ នឹងដំណើរការវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដ៏មានឥទ្ធិពលមួយនេះ។
ការបញ្ឈប់ការងារ ដែលត្រូវបានគេប៉ាន់ស្មានថា មានប្រហែល ៣៧០០នាក់ ត្រូវបានគេរំពឹងទុកចាប់តាំងពីបុគ្គលិក បានទទួលការជូនដំណឹងតាមអ៊ីមែល របស់ក្រុមហ៊ុន នៅព្រឹកថ្ងៃសុក្រ។ គេហទំព័រ Bloomberg បានរាយការណ៍ថា អ្នកដែលត្រូវបានបញ្ឈប់បានទទួលអ៊ីមែល ដែលមានសារថា “ថ្ងៃនេះជាថ្ងៃធ្វើការចុងក្រោយ របស់អ្នកនៅក្រុមហ៊ុន” ។
និយោជិតត្រូវបានរឹតបន្តឹង ការចូលទៅកាន់ការិយាល័យរបស់ Twitter ក៏ដូចជាអ៊ីមែលរបស់ពួកគេ និងបណ្តាញដែលទាក់ទង នឹងការងារផ្សេងទៀត។ បុគ្គលិកនៅក្នុងផ្នែកទំនាក់ទំនង ការរៀបចំមាតិកា វិស្វកម្ម និងការបែងចែកក្រមសីលធម៌ នៃការរៀនម៉ាស៊ីន ស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំង នេះបើយោងតាម សារពីបុគ្គលិក Twitter ។
ក្រុមហ៊ុន Twitter មិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ អំពីទំហំជាក់ស្តែងនៃការកាត់ការងារនេះទេ ប៉ុន្តែការបណ្តេញចេញ ដែលចូលជាធរមានភ្លាមៗ បានប៉ះពាល់ដល់ “ប្រហែល ៥០ ភាគរយ” នៃកម្លាំងពលកម្មទាំងមូលរបស់ខ្លួន នេះបើតាម AFP បានរាយការណ៍ដោយដកស្រង់ឯកសារផ្ទៃក្នុងមួយ។
ក្រុមហ៊ុនមានបុគ្គលិកប្រហែល ៧៥០០នាក់ នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ នេះត្រូវបានបញ្ជាក់ដោយ Yoel Roth ដែលជាប្រធានផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់ Twitter ដែលបានព្យាយាមធ្វើឱ្យអារម្មណ៍រំជើបរំជួល ដោយផ្តល់ព័ត៌មានលម្អិត អំពីចំនួនក្រុមរបស់លោក ដែលត្រូវបានអនុញ្ញាតឱ្យចាកចេញ៕ ប្រែសម្រួល ឈូក បូរ៉ា