ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន ចាប់ផ្តើមកសាងជញ្ជាំងព្រំដែនជាមួយនឹង ប្រទេសបេឡារុស្ស

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Kyrylo Tymoshenko អនុប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមសាងសង់ ជញ្ជាំងតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយនឹងប្រទេសបេឡារុស្ស ។

លោក Tymoshenko បានសរសេរនៅលើបណ្តាញ Telegram ថា ការងារដំឡើងកំផែងការពារ និងដំឡើងរបាំងនៅតាមព្រំដែន កំពុងដំណើរការនៅក្នុងតំបន់ Volyn, Rivne និង Zhytomyr នៅភាគខាងជើង នៃប្រទេសអ៊ុយក្រែន ។

លោកបានបន្តថា រនាំងទាំងនោះរួមមាន ប្រឡាយ របងបេតុងរឹងមាំ និងលួសបន្លា ។

លោក Tymoshenko បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ របាំងត្រូវបានប្រមូលផ្តុំនៅលើខ្សែប្រវែង៣គីឡូម៉ែត្រ តាមបណ្តោយព្រំដែនក្នុងតំបន់ Volyn ។

លោក Tymoshenko បានថ្លែងថា បន្ទាយក៏នឹងត្រូវបានដំឡើងនៅក្នុងតំបន់ជាប់ព្រំដែនរុស្ស៊ីផងដែរ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន និងបេឡារុស្ស មានព្រំប្រទល់ ប្រហែល១.០០០គីឡូម៉ែត្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top