ព័ត៌មានអន្តរជាតិ

យោធាអ៊ុយក្រែន ហាមអ្នកសារព័ត៌មានរបស់អាមេរិក និងអង់គ្លេស រាយការណ៍ចេញពីទីក្រុង Kherson

បរទេស៖ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានដកការទទួលស្គាល់ពីអ្នកកាសែតបរទេស និងក្នុងស្រុកមួយចំនួនសម្រាប់ការរាយការណ៍ដោយគ្មានការអនុញ្ញាតពីទីក្រុង Kherson ពីកន្លែងដែលកងកម្លាំងរុស្ស៊ីត្រូវបានដកចេញកាលពីសប្តាហ៍មុន។ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយមកពី CNN និង Sky News ស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ នេះបើតាមអង្គការក្នុងស្រុកមួយបានប្រាប់គេហទំព័រព័ត៌មាន Ukrainska Pravda ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គសេនាធិការរបស់ប្រទេសអ៊ុយក្រែនបាននិយាយនៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា “ថ្មីៗនេះអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន អនុវត្តសកម្មភាពវិជ្ជាជីវៈនៅក្នុងទីក្រុង Kherson សូម្បីតែមុនពេលបញ្ចប់វិធានការរក្សាស្ថេរភាព” ។

អគ្គសេនាធិការរបស់ប្រទេសអ៊ុយក្រែន បានចោទប្រកាន់ទៅលើអ្នកកាសែតថា “មិនអើពើនឹងការហាមឃាត់ និងការព្រមាន ដែលមានស្រាប់” និងប្រតិបត្តិការនៅក្នុងទីក្រុង ដែលបានធ្លាក់ក្រោមការគ្រប់គ្រងរបស់កងកម្លាំងទីក្រុងគៀវ ដោយគ្មានការអនុញ្ញាតពីមេបញ្ជាការអ៊ុយក្រែន និងសេវាកម្ម PR របស់យោធា។

អគ្គសេនាធិការបានបន្តថា “លិខិតអនុញ្ញាតការងាររបស់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ ដែលបំពានច្បាប់ការងារនៅក្នុងតំបន់ប្រយុទ្ធត្រូវបានលុបចោល ហើយប័ណ្ណសារពត៌មានរបស់ពួកគេត្រូវបានទទួលស្គាល់ថា គឺមិនមានសុពលភាពទៀតទេ”។

គេមិនបានដាក់ឈ្មោះអ្នកធ្វើការឱ្យប្រព័ន្ធផ្សព្វផ្សាយ ឬអង្គការដែលបាត់បង់អត្តសញ្ញាណប័ណ្ណរបស់ពួកគេទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ NGO Detector Media បានប្រាប់ Ukrainska Pravda ថា យ៉ាងហោចណាស់អ្នកកាសែត ៦ នាក់ត្រូវបានរងផលប៉ះពាល់ មកពីទូរទស្សន៍អាមេរិក CNN និង Sky News របស់ចក្រភពអង់គ្លេស៕

Most Popular

To Top