ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” កម្ពុជាបានចំណាត់ថ្នាក់លេខ៥ និងលេខ៦ ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាទូកប្រពៃណីខ្នាត អន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯក អាស៊ីលើកទី១៤ ឆ្នាំ២០២២ (14th Asian Dragon Boat Championships, Rayong – Pattaya, Thailand) នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។
លោក គង់ សុភាព គ្រូបង្វឹកបានប្រាប់ឲ្យដឹងពីប្រទេសថៃថា សម្រាប់វិញ្ញាសា ១០០០ម៉ែត្រចម្រុះបុរស នារី ១២នាក់ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ៧ ប្រទេសចូលរួម។ វិញ្ញាសា ១០០០ម៉ែត្រ បុរស ១២នាក់ទទួលបានចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោម ១០ ប្រទេស និងវិញ្ញាសា ១០០០ម៉ែត្រ បុរស២២នាក់ទទួលបានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ១០ប្រទេស។
ការចូលរួមការប្រកួតកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដើម្បីបង្កើនសមត្ថភាព និងត្រៀមលក្ខណៈចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ជាម្ចាស់ផ្ទះ ។ កម្ពុជាបានបញ្ជូនទៅ២ក្រុម គឺកីឡាការិនី មានចំនួន៦នាក់ និងគ្រូបង្វឹក២នាក់ក្នុងនោះគ្រូបង្វឹក ជនជាតិមីយ៉ាន់ម៉ា និងលោកគង់ សុភាព ។