ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាមកម្ពុជា ដណ្តើមមេដាយ៣១គ្រឿង នៃព្រឹត្តិការណ៍ ការប្រកួតកីឡា វ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលជាហេតុ ធ្វើអោយកម្ពុជា ជាប់ចំណាត់ថ្នាក់ លេខ២ ខណៈប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១។
លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១ ដោយដណ្តើមមេដាយសរុប ចំនួន២៧គ្រឿង ក្នុងនោះមេដាយមាស ១៧គ្រឿង មេដាយប្រាក់៩គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដណ្តើមមេដាយ៣១គ្រឿង រួមមានមេដាយមាស៩គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរិទ្ធ១២គ្រឿង។
ប្រទេសអាល់ហ្សេរី ជាប់ចំណាត់ថ្នាក់លេខ៣ ដណ្តើមមេដាយ២៤គ្រឿង រួមមានមេដាយមាស ៩គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ៤ ដណ្តើមមេដាយ៧គ្រឿង រួមមានមេដាយមាស៣គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ៕ ដោយ៖លី ភីលីព