ភ្នំពេញ៖ ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នៅលើសង្វៀន ព្រែកកំពឹស អ្នកប្រដាល់រិន សារដ្ឋ ក្លិបកងទ័ពជើងទឹក បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិ ដោយសារតែគូប្រកួតរបស់ខ្លួន គឺអ្នកប្រដាល់ សល់ ពិសិដ្ឋ ក្លិបកុសលកីឡា រក្សាទម្ងន់មិនបាន។
ទោះជាយ៉ាងណា ក៏អ្នកប្រដាល់ទាំង២រូបនេះ ត្រូវតែប្រកួតគ្នា ហើយលទ្ធផល នៃការប្រកួតយ៉ាងណាៗនោះ គឺសារដ្ឋបានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិ បើតាមពិតប្រសិនបើទម្ងន់ពួកគេ ស្មើគ្នានោះ ក៏ពិសិដ្ឋមិនមែនជាដៃគូ របស់សារដ្ឋដែរ ។
ការប្រកួតមិនទាន់បាន ពាក់កណ្ដាលទឹកទី១ ផង ជង្គង់របស់សារដ្ឋអុកចំពោះពិសិដ្ឋមួយទំហ៊ឹង ធ្វើឲ្យសល់ ពិសិដ្ឋសន្លប់ ក្រោកលែងរួចតែម្ដង ដូច្នេះសារដ្ឋបានទទួលកៅអី សម្រាប់ឡើងទៅប្រកួត នៅវគ្គជម្រុះជុំទី២ទៀត ឯពិសិដ្ឋខ្ទាតចេញ ពីការប្រកួតត្រឹមនេះ ។
ចំណែកមួយគូទៀត អ្នកប្រដាល់ អ៊ុង កំសត់ ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង បានប្រកួតឈ្នះអ្នកប្រដាល់ នូវ ដារ៉ូ ក្លិបអាណាចក្រគុនខ្មែរ ដោយពិន្ទុ ទាំងត្រដាបត្រដួស ។
អ្នកប្រដាល់ទាំ២រូបនេះ ហាក់ដូចខឹងគ្នាពីពេលណាមកយ៉ាងអញ្ចឹង គ្រាន់តែស្នូរជួង នៃការប្រកួតទឹកទី១ បន្លឺឡើង ពួកគេចាប់ផ្ដើមវាយប្រហារគ្នា ដោយមិនញញើតដៃ ។ ដារ៉ូវ៉ៃចេញច្រើន តែមិនសូវចំគោលដៅ ចំពោះកំសត់វ៉ៃចេញមួយៗ តែចំគោលដៅបានយ៉ាងល្អ ។
បន្ទាប់ពីប្រកួតចប់ទឹកទី៣ អ្នកប្រដាល់ អ៊ុង កំសត់បានទទួលជ័យជំម្នះ ដោយពិន្ទុ និងត្រៀមឡើងប្រកួតបន្ត នៅជុំទី២ទៀត ចំពោះនូវ ដារ៉ូហាលអាវត្រឹមនេះហើយ ពេលនេះមានអ្នកប្រដាល់៤រូបហើយ ដែលខ្ទាតចេញពីការប្រកួត ហើយក៏មាន៤រូបដែរ ដែលបានកក់កៅអី សម្រាប់ប្រកួតជម្រុះ នៅជុំទី២ទៀត ៕
ដោយ៖លី ភីលីព