កីឡា

វគ្គបណ្តុះបណ្តាលគ្រូ បង្វឹកកីឡាលើកទម្ងន់ ក្រោមគម្រោងកម្មវិធី សាមគ្គីអូឡាំពិក បញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បិទវគ្គបណ្តុះបណ្តាល គ្រូ បង្វឹកកីឡាលើកទម្ងន់ “Weightlifting Coaching Course” ក្រោមគម្រោង កម្មវិធីសាមគ្គី អូឡាំពិក (Olympic Solidarity) ដោយមានការអញ្ជើញ ចូលរួមពីលោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តំណាង លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា និងលោក ផាត បញ្ញាសុជាតក៌ អនុប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបាននិយាយថា សិក្ខាសាលាសាមគ្គី អូឡាំពិកស្តីពី ការបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ ដល់មន្ត្រី បច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី បានដំណើរការរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ប្រកបដោយ ជោគជ័យ ។ គ្រូឧទ្ទេសវគ្គដោយ លោក AVEENASH PANDOO សមាជិកគណៈកម្មការ គ្រូបង្វឹក និងស្រាវ ជ្រាវ នៃសហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ បានធ្វើបទបង្ហាញផ្តោត សំខាន់លើការអភិវឌ្ឍ សមត្ថភាពបច្ចេកទេស គ្រូបង្វឹកកីឡា លើកទម្ងន់ ត្រូវមានចំណេះដឹង លើកការគ្រប់គ្រង ក្លិប យល់ដឹងពីសមត្ថភាពកីឡាករ-កីឡាការិនី ត្រួតពិនិត្យតាមដានលើកការហ្វឹកហាត់ របស់គាត់គ្រប់វិនាទី គ្រប់សកម្មភាព មានការកែតម្រូវបច្ចេកទេសភ្លាមៗ និងលើកទឹកចិត្ត ដល់ពួកគាត់ឲ្យមានការចូលរួម និងមានឆន្ទៈឆ្ពោះទៅរកគោលដៅ នៃផែនការ ការប្រកួតជាបន្តបន្ទាប់។
លោនបន្តថា គ្រូបង្វឹកត្រូវចេះរៀបចំកម្មវិធីហ្វឹកហាត់ ផែនការប្រចាំសប្តាហ៍ប្រចាំខែ ផែនការគោលដៅ រយៈពេលវែង មធ្យម និងរយៈខ្លី ។ ត្រូវមានសមត្ថភាព ក្នុងការអភិវឌ្ឍបច្ចេកទេសកីឡាករ ការមើលថែពួកគាត់ និង ការបង្ការរបួសជាដើម ។ល ។ គ្រូបង្វឹក ត្រូវយល់ពីកម្រិត នៃប្រភេទកីឡារបស់ខ្លួន ជាប្រភេទកីឡាអូឡាំពិក ត្រូវរក្សាបាននូវសុវត្តិភាព សុខភាព ការបង្ការទប់ស្កាត់មិនឲ្យកីឡាករ កីឡាការិនីជាប់ពាក់ព័ន្ធ និងសារធាតុលើកកម្លាំង ដែលជាការត្រួតពិនិត្យពី WADA ។

សិក្ខាសាលានេះ មានវត្តមានសិក្ខាកាមទាំងអស់ចំនួន ២៧នាក់ ស្រ្តី៦នាក់ ជាគ្រូបង្វឹកថ្នាក់ជំនាន់ទី១ ឆ្នាំ២០២២ ជាការអភិវឌ្ឍធនធានមនុស្សដំបូកគេ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ។ មានគ្រូបង្វឹក គឺយើងមានតំណភ្ជាប់ដ៏សំខាន់ជាមួយនឹង សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ អាស៊ី និងអាស៊ីអាគ្នេយ៍។ ទាំងនេះទើបមានការទទួលស្គាល់ពីអាជ្ញាធរកីឡាជាតិនៅគ្រប់កម្រិត ប្រព័ន្ធផ្សព្វផ្សាយ មហាជនមានការគាំទ្រ ដល់វិស័យកីឡាលើកទម្ងន់ ។

លោកអគ្គបានបន្ថែមថា ដើម្បីធានាបាននូវការគោរពទៅតាមគោលការណ៏ តួនាទី ភារកិច្ច និងទំនួលខុសត្រូវលើការរៀបចំ អនុវត្តដឹកនាំកិច្ចការប្រកួតនានា ពិសេសការយកទៅអនុវត្តក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣២ ឆ្នាំ២០២៣ ខាងមុននេះ ជាបទពិសោធន៍ជាក់ស្តែង ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងទទួលបានលទ្ធផលជាផ្លែផ្កា ជូនអង្គភាព ស្ថាបន ជាតិមាតុភូមិ។ ផ្អែកតាមសមត្ថភាព និងបទពិសោធន៍ក្នុងការចែករំលែង ផ្ទេរចំណេះដឹង របស់គ្រូឧទ្ទេស និងសកម្មភាពសហការណ៍គ្នាល្អ អង្គសិក្ខាសាលា ទទួលបានលទ្ធផលល្អ ។

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នឹងបន្តវប្បធម៌ទំនាក់ ទំនងល្អ សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ អាស៊ី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមួយនឹងភាគីពាក់ព័ន្ធគាំទ្រវិស័យកីឡា។ ក្នុងនាមគណៈកម្មការគ្រប់គ្រងវគ្គ ខ្ញុំបាទសូមវាយតម្លៃខ្ពស់ ចំពោះគ្រូឧទ្ទេស និងសិក្ខាកាម ទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នា និងមានឆន្ទៈខ្ពស់ លះបង់ពេលវេលាធ្វើឲ្យវគ្គនេះ ទទួលបាន ជោគជ័យនាពេលនេះ៕

Most Popular

To Top