បរទេស៖ មីស៊ីលការពារដែនអាកាស S-300 របស់អ៊ុយក្រែន បានធ្លាក់លើទឹកដី របស់ប្រទេសបេឡារុស្ស នៅថ្ងៃព្រហស្បតិ៍។ ហេតុការណ៍នេះ មិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិបេឡារុស្ស បានប្រកាសថា គ្រាន់មីស៊ីលបានធ្លាក់នៅជិតទីក្រុង Ivanovo ក្នុងតំបន់ Brest ភាគនិរតីរបស់ប្រទេស ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសអ៊ុយក្រែន។
ក្រុមអ្នកស៊ើបអង្កេតជឿថា មីស៊ីលរបស់អ៊ុយក្រែន ប្រហែលជាបានហោះចេញពីផ្លូវ ហើយធ្លាក់លើដីបេឡារុស្ស ឬអាចនឹងត្រូវបំផ្លាញចោលកណ្តាលអាកាស ដោយកងកម្លាំងការពារ ដែនអាកាសបេឡារុស្ស។
ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ត្រូវបានគេប្រាប់ឱ្យដឹង អំពីឧបទ្ទវហេតុនេះ។
រូបថតដែលបង្ហោះលើបណ្តាញសង្គម បង្ហាញបំណែកមីស៊ីល នៅកណ្តាលវាលស្រែ៕ ប្រែសម្រួលៈ ណៃ តុលា