ព័ត៌មានអន្តរជាតិ

លោកពូទីនថា រុស្ស៊ី នឹងផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអែរ ៤គ្រឿងទៀត ក្រោមកម្មវិធីអាវុធបច្ចុប្បន្ន

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែចំនួន ៤ បន្ថែមទៀត នឹងត្រូវផលិតឡើង ជាផ្នែកមួយនៃកម្មវិធីសព្វាវុធបច្ចុប្បន្ន ដែលនឹងធានាសន្តិសុខ របស់ប្រទេសសម្រាប់ឆ្នាំខាងមុខ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយ​ផ្អែកតាមការលើកឡើងរបស់លោកពូទីនថា “ខ្ញុំចង់ចង្អុលបង្ហាញថា នាវាមុជទឹកចំនួនបួនបន្ថែមទៀត នឹងត្រូវផលិតឡើង ក្រោមកម្មវិធីសព្វាវុធរបស់រដ្ឋបច្ចុប្បន្ន។ នេះនឹងធានាបាននូវសន្តិសុខរបស់រុស្ស៊ី សម្រាប់ទសវត្សរ៍ខាងមុខ” ។

លោកប្រធានាធិបតីបានកត់សម្គាល់ថា នាវាមុជទឹកបំពាក់មីស៊ីលផ្លោងរបស់រុស្ស៊ី ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ និងសាងសង់ មានលក្ខណៈប្លែកៗជាច្រើន ខណៈដែលនាវាមុជទឹក និងនាវាផ្ទៃទឹកថ្មី មានប្រព័ន្ធរុករក ទំនាក់ទំនង និងប្រព័ន្ធរុករកក្រោមទឹក បំពាក់ដោយអាវុធ និងប្រព័ន្ធមនុស្សយន្ត ដែលមានភាពជាក់លាក់ខ្ពស់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top