កីឡា

ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯក នៃការប្រកួតកីឡា កាយសម្ព័ន្ធជើងឯក ថ្នាក់ជាតិ និងពានរង្វាន់ លោកបណ្ឌិត ថោង ខុនឆ្នាំនេះ

ភ្នំពេញ៖ក្លិបកីឡាកាយសម្ព័ន្ធ ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯក នៃការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៣ ឆ្នាំ២០១៩ ខណៈក្លិបកីឡាកាយសម្ព័ន្ធខេត្តក្រចេះ ដោយការប្រកួតនេះបានចាប់ផ្តើមចាបពីថ្ងៃទី១៩ដល់២៤ ខែធ្នូ ឆ្នាំ២០១៩នៅសាលបំបូលទូករបស់សហព័ន្ធ។

ក្នុងឳកាលពិធីបិទ និងប្រគល់ជយលាភីជូនកីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធដោយមានការអញ្ជើញចូលរួមពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងរដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោកបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ក្លិបកីឡាកាយសម្ព័ន្ធក្រសួងមហាផ្ទៃគ្រងតំណែងជើងឯកដណ្តើមមេដាយមាស៤គ្រឿង និងមេដាយប្រាក់៥គ្រឿង ក្លិបកីឡាកាយសម្ព័ន្ធខេត្តក្រចេះជើងឯករងដណ្តើមមេដាយមាស៤គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ក្លិបកីឡាកាយសម្ព័ន្ធខេត្តកំពង់ឆ្នាំងដណ្តើមមេដាយមាស៣គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៧គ្រឿង និងក្លិបកីឡាកាយសម្ព័ន្ធខេត្តតាកែវដណ្តើមមេដាយមាស២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា យោងតាមផែនការមេនិងកម្មវិធីប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៣ ឆ្នាំ២០១៩ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ប្រភេទកីឡាកាយសម្ព័ន្ធ នូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ចៅក្រម កីឡាករ-កីឡាការិនីឲ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផលខ្ពស់ ជាក់ស្តែងដូចជាព្រឹត្តិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធនាពេលនេះ មានក្លឹបកីឡាកាយសម្ព័ន្ធចំនួន០៩ មកពី៤ រាជធានីខេត្ត បានមកដល់រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយមានកីឡាករ-កីឡាការិនីចំនួន៦៤នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងចៅក្រម៤២នាក់ រួមជាមួយមន្ត្រីស្ម័គ្រចិត្តចំនួន១៤នាក់ផង។

លោកបានបន្តថា ផ្អែកតាមការប្រកួតជើងឯក រយៈពេល០៦ថ្ងៃកន្លង មកយើងសង្កេតឃើញថា កីឡាករ-កីឡាការិនីមានការខិតខំប្រកួត ប្រជែងគ្នាប្រកបដោយក្រមសីលធម៌ គោលការណ៍ Fair Play បញ្ចប់ដោយរលូន និងជោគជ័យ ។ បើយើងធ្វើការប្រៀបធៀបជាមួយឆ្នាំមុនៗមានការកើនឡើងផ្នែកគុណផលបច្ចេកទេសល្អជាងឆ្នាំមុនៗ ជាពិសេសក្នុងឆ្នាំនេះសហព័ន្ធសមីបានសហការណ៍ជាមួយអង្គភាពពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបានទម្លាក់កញ្ចប់ថវិកា ដើម្បីឱ្យសហព័ន្ធរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងធ្វើការអភិវឌ្ឍន៍កីឡាជំនាញឆ្ពោះទៅឆ្នាំ២០២៣ដោយសមីសហព័ន្ធ៕ ដោយ៖លី ភីលីព

Most Popular

To Top